ក្តីបារម្ភរបស់ម្តាយក្នុងសម័យ Teachnological

Cyber bullying

ខ្ញុំរន្ធត់ចិត្ត នៅពេលដែលយើងរស់នៅក្នុងសង្គមមួយដែល មនុស្សចូលចិត្តថ្កោលទោសមនុស្សម្នាក់តាមគ្នាក្នុងបណ្ដាញសង្គម នៅពេលដែលឃើញគេប្រព្រឹត្តខុសពីចិត្តរបស់ខ្លួន។

ថ្ងៃមុននោះ… មានមនុស្សម្នាក់ប្រព្រឹត្តខុសហើយ មនុស្សជាច្រើនបានថ្កោលទោសគេក៏សឹងតែមួយប្រទេសទៅហើយ យើងមិនចាំបាច់ទៅញិចម្ទេសបន្ថែមទៀត ក៏ល្មមធ្វើឱ្យម្នាក់នោះ ធ្លាក់ទឹកចិត្តដល់សូន្យដែរ។

ថ្ងៃក្រោយមកទៀត… គ្រាន់តែដោយសារ អត្ថបទអនាមិក និង ការបញ្ចេញមតិខ្វះការទទួលខុសត្រូវក្នុងអត្ថបទអនាមិកនោះ ក៏ល្មមនាំឱ្យមនុស្សក្នុងបណ្ដាញសង្គម បបួលគ្នាទៅចោទអ្នកនេះ អ្នកនោះ តាមចិត្តគេនឹកឃើញ។

បើមនុស្សម្នាក់នោះ ជាអ្នករឹងមាំស្គាល់ពីចរិកនៃបណ្ដាញសង្គមសព្វថ្ងៃ គេក៏នឹងមិនយកពាក្យអសីលធ៌មនោះមកទុកក្នុងចិត្តដែរ។ តែបើរឿងកើតឡើង ចំលើមនុស្សដែលមានផ្លូវចិត្តទន់ខ្សោយ ខ្ញុំភ័យព្រួយថា គេនឹងសម្លាប់ខ្លួនឬធ្វើអ្វីឆោតល្ងង់ជាក់ជាមិនខាន។

ការដែលមនុស្សក្នុងបណ្ដាញសង្គម ព្រួតគ្នាទៅជេរស្ដីច្រាស់ឆ្អេះ បន្ទោស បន្ទាបបន្ថោកផ្លូវចិត្តមនុស្សម្នាក់ គេហៅថា Cyber bullying។ រឿងដែលមនុស្សសម្លាប់ខ្លួនដោយសារ Cyber bullying នេះ យើងក៏ធ្លាប់ជួបច្រើនណាស់មកហើយ ដូច្នេះអ្វីដែលយើងអាចធ្វើបាន ក៏មិនចាំបាច់ទៅបន្ទោសបន្ថែមទេ យូរទៅរឿងក៏វានឹងសាបរលាបទៅឯង។ សូមកុំនាំដៃអ្នកឱ្យចូលរួមបំផ្លាញមនុស្សដោយប្រយោល។

ខ្ញុំបារម្ភ នៅពេលដែលកូនខ្ញុំកំពុងធំធាត់នៅក្នុងបរិយាកាសដែលមុខមាត់បណ្ដាញសង្គម ត្រូវបានគេយកចិត្តទុកដាក់ជាជាងសេចក្ដីសុខពិតបែបនេះ។ ខ្ញុំរឹតតែបារម្ភ នៅពេលដែលកូនខ្ញុំធំធាត់នៅក្នុងបរិយាកាសដែលត្រូវបានបំពុល ដោយមនុស្សចូលចិត្តបរិហារខ្វះការទទួលខុសត្រូវ។ យើងម៉េចនឹងដឹងថា ថ្ងៃណាមួយ កូនយើង បងយើង ប្អូនយើងមិត្តយើង ឬក៏យើង នឹងមិនក្លាយជា Target នៃ Cyber bullying?

sochivy

រូបភាព #រក្សាសិទ្ធិ