ស្រឡាញ់ខ្លួនឯងអោយច្រើនបន្តិច

-ពួកយើងទំនេរដូចគ្នា។ មើលទៅមីណា ក៏មិនជាមនុស្សស្រី ដែលចូលចិត្តអ្វីក្រៅពីការងារ។ ខ្ញុំក៏អ៊ីចឹង ធ្វើជាសង្សារគ្នា កំដរគ្នាលេង ក៏សប្បាយម្យ៉ាងដែរ។
-ឈឹស សប្បាយតែម្នាក់ឯងទៅ។ សង្សារចាស់ខ្ញុំ ល្អជាងឧស្សាហ៍រាប់ពាន់រាប់ម៉ឺនដង ខ្ញុំនៅតែមិនអាចស្រលាញ់គេ។ ទម្រាំតែនាយព្រាននារីយ៉ាងនេះ ស្មានខ្ញុំភ្លើ យកជ័រព្នៅមកបៀតក្លៀកឬ?
-ខ្ញុំអាក្រក់ត្រង់ណា? សង្សារចាស់របស់មីណាល្អត្រង់ណាទៅ? បានជាសរសើរគេយ៉ាងនេះ។ បើអ៊ីចឹង ហេតុអីក៏បែកគ្នា?
-ប្រាប់ហើយថា ខ្ញុំមិនស្រលាញ់គេហ្នឹងណា។ បងមេសាជាប្រុសសង្ហា ស្រីណាឃើញ ក៏លួចច្រណែន ដែលខ្ញុំបណ្តើរគាត់ដែរ។ ងាកមកមើលនាយវិញ មុខមាត់…
-មុខមាត់ខ្ញុំយ៉ាងម៉េច?
-ស្អាតបាតតើ !

អត់មានអីនិយាយបង្អាប់ ព្រោះគេមុខមាត់ស្អាតបាតមែន រាងក៏មិនអន់ដែរ។

-ហាហាហា ខ្ញុំចូលចិត្តមនុស្សស្រីនិយាយត្រង់ដូចជាមីណាណាស់។
-ហាហាហា ខ្ញុំមិនចូលចិត្តមនុស្សព្រាននារីដូចជានាយឧសទេ។

នរណាគេទៅចូលចិត្តព្រាននារីនោះ។ សម្តីនិយាយចេញមក ក៏បង្ហាញពីចរិតព្រានបាត់ទៅហើយ។

-ចិត្តរឹងណាស់។ ពិតជាគួរឲ្យស្រលាញ់មែន។
-ខ្ញុំដឹងតើថាខ្ញុំគួរឲ្យស្រលាញ់។ បើមិនអ៊ីចឹង ម៉េចនឹងមានមានមនុស្សប្រុសមកស្រលាញ់ខ្ញុំច្រើនយ៉ាងនេះ?
-ចេះលើកតម្លៃខ្លួនឯងទៀត ពិតជាមនុស្សស្រីគួរឲ្យចាប់អារម្មណ៍មែន។
-បើខ្ញុំមិនលើកខ្លួនឯង ចាំនាយមកលើកឬ? បើខ្ញុំមិនស្រលាញ់ខ្លួនឯង នរណានឹងមកស្រលាញ់ខ្ញុំទៅ?

លឹមសន្តិភាព #SP_books