រឿងនាងលតា

គុណនៃការរក្សាឧបោសថសីល តាំងពីក្មេងដរាបដល់ចាស់
#រឿងនាងលតា
កាលព្រះសម្ពុទ្ធបរមគ្រូ គង់នៅក្នុងជេតវនមហាវិហារ ជាអារាមរបស់អនាថ បណ្ឌិតសេដ្ឋីនាក្រុងសាវត្ថី។ កាលនោះមានធីតាម្នាក់ឈ្មោះនាងលតា ជាកូនរបស់ សាវត្ថីឧបាសក។ នាងលតាធីតានោះជាស្ត្រីមានប្រាជ្ញាឈ្លាសវៃ ចេះដឹងនូវច្បាប់ ព្រះពុទ្ធសាសនាជាច្រើនមាតាបិតាបានរៀបឲ្យមានគូស្វាមីភរិយា ក្នុងពេលដែល រៀបអាវាហមង្គលនោះបាននិមន្តព្រះសង្ឃមានព្រះពុទ្ធជាប្រធានទៅថ្វាយភត្តលុះរៀប មង្គលការហើយ ក៏បញ្ជូនឲ្យទៅនៅក្នុងសំណាក់មាតាបិតាក្មេក។
នាងលតាជាស្ត្រី មានមាយាទល្អត្រឹមត្រូវ ខំប្រតិបត្តិបំរើស្វាមីនិងមាតាបិតាដោយគោរពទាំងមាន ចិត្តអាណិតអាសូរដល់ទាសកម្មកររបស់នាង តែងចែកចាយសំពត់សាវអាវស្បៃម្ហូប ចំណីដល់ទាសកម្មករជារឿយៗវេលាថ្ងៃឧបាសថ នាងបានរក្សាឧបោសថសីលជានិច្ច ពុំដែលខានឡើយ។
ឯមាតាបិតាក្មេក ឃើញកូនប្រសារមានចរិយាល្អដូច្នោះក៏មាន សេចក្ដីស្រឡាញ់ពេញចិត្តជាទីបំផុត ព្រោះជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាដូចគ្នា។ ក្នុងកាលជាខាងក្រោយមកនាងលតានោះក៏បានធ្វើមរណកាលទៅបានទៅកើត ជាធីតារបស់ស្ដេចវេស្សវ័ណ នាស្ថានចាតុមហារាជិកាទេវលោក មានឈ្មោះ ថាលតាដូចជាឈ្មោះក្នុងស្ថានមនុស្ស។
ឯព្រះបាទវេស្សវ័ណនោះ មានព្រះរាជធីតា ៥ អង្គគឺៈ នាងលតា ១ សជ្ជា ១ បវេរា ១ អច្ឆិមុតី ១ សុត្រា ១ កាលបើនាងធីតា ទាំង ៥ នេះកើតហើយ សក្កទេវរាជក៏នាំយកទៅស្ថានត្រៃត្រឹង ឲ្យធ្វើជាបាទបរិចារិកា របស់ព្រះអង្គ តែងឲ្យនាងទាំង ៥ លេងរបាំថ្វាយទតរាល់ៗថ្ងៃ។ ថ្ងៃមួយធីតាទាំង ៥ បានជជែកគ្នាថា យើងទាំងអស់គ្នានេះអ្នកណារាំច្រៀងពិរោះល្អជាងគេ នាងមួយថាខ្លួនគ្រានបើ នាងមួយទៀតថាខ្លួនគ្រាន់បើជាងជជែកមិនដាច់ស្រេចក៏នាំគ្នាទៅថ្វាយបង្គំ ព្រះបាទវេស្សវ័ណជាបិតា ហើយទូសសួរថា បពិត្រព្រះបិតានាងខ្ញុំទាំង ៥ រូបនេះនាងណារាំច្រៀងល្អពិរោះជាងគេ? ។
ព្រះបាទវេស្សវ័ណ បានឮព្រះរាជបុត្រីសួរដូច្នោះ ហើយក៏ប្រាប់ថា ម្នាលកូនសំឡាញ់ឪពុក បើនាងចង់ដឹង ចូរនាំគ្នាទៅរាំច្រៀងក្នុងទីប្រជុំនៃទេវតាក្បែរមាត់ស្រះអនោតត្ត នាព្រៃហេមពាន្តឯណោះ ទើបដឹងប្រាកដបាន។
ព្រះរាជបុត្រីទាំង ៥ ក៏នាំគ្នាទៅរាំច្រៀងក្បែរមាត់ស្រះអនោតត្តតាម ព្រះរាជបញ្ជារបស់បិតា។ ក្នុងពេលនោះទេវតាទាំងឡាយបានដឹងដំណឹងនោះហើយ ក៏នាំគ្នាឈូឆរទៅ ប្រជុំនៅព្រៃហេមពាន្តច្រើនមីរដេដាសពេញព្រៃទាំងមូល។ ពេលនោះព្រះរាជបុត្រី ក៏ឡើងរាំ ច្រៀងម្ដងម្នាក់ៗ ដរាបដល់អស់ ៤នាក់នៅសល់តែនាងលតា មួយពុំទាន់ច្រៀងកាលបើធីតាទាំង៤នោះ ច្រៀងចប់ហើយពួកទេវតាទាំងឡាយ ក៏នៅស្ងាត់ ឈឹង ឥតឮសូរស័ព្ទសាធុការឡើយ។
បន្ទាប់ពីនោះមកនាងលតាក៏ក្រោកឡើងរាម ស្រែកច្រៀងមានសំឡេងពិរោះ ឮណែនពេញព្រៃហេមពាន្តទាំងមូល លុះរាំច្រៀងចប់ហើយ ពួកទេវតាទាំងឡាយ ក៏ស្រែកឲ្យពរស័ព្ទសាធុការឮលាន់ កក្រើកញាប់ញ័រព្រៃហេមពាន្ត។ លំដាប់នោះនាងសុត្រាជាព្រះរាជបុត្រីពៅបង្អស់ នឹងស្ងើចអស្ចារ្យក្នុងចិត្ត ទើបសួរទៅនាងលតា ជាបងថា បងបានធ្វើបុណ្យដូចម្ដេចពីជាតិមុនបាន ជាមានរូបល្អ មានសំឡេងពិរោះមានប្រាជ្ញាច្រើន?។
នាងលតាប្រាប់ថាបានជាបងមានរូបល្អមាន សំឡេងពិរោះមានប្រាជ្ញាច្រើនដូច្នោះកាលពីជាតិមុន បងបានរក្សាឧបោសថសីលតាំងពីក្មេងដរាបដល់ចាស់ ពុំដែលឲ្យដាច់ធ្លុះធ្លាយម្ដងឡើយ។
ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល
ដោយ៥០០០ឆ្នាំ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s