ប្រវត្តិសង្ខេបវត្តប្រយូរវង្ស

ប្រវត្តិសង្ខេប វត្តប្រយូរវង្ស

វត្តប្រយូរវង្សមានទីតាំងនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្ថិននៅខាងជើងវត្តថាន់ (ឬសាកលវិទ្យាយល័យបញ្ញាសាស្ត្រ) មិនឆ្ងាយប៉ុន្មានពីវិមានឯករាជ្យ។ បើយោងតាមបទសម្ភាសន៍ទាំងស្រុងជាមួយព្រះតេជគុណ អ៊ុង សិទ្ធី ព្រះគ្រូចៅអធិការវត្តបករយូរវង្សដោយផ្ទាល់ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ វត្តប្រយូរវង្សនេះមានប្រវត្តិតំណាលគ្នានឹងការកសាងវត្តថាន់ដែរ។ វត្តនេះត្រូវបានដាក់ឈ្មោះតាមចៅឃុនប្រយូរវង្សប៉ាតដែលជាព្រះអយ្យាទួតរបស់ព្រះបរមរតកោដ្ឋមនរោត្តមសីហនុ។ វត្តនេះមានផ្ទៃដីជិតពីរ ហិចតា (ទទឹង ១១០ ម៉ែត្រ និងបណ្តោយ ១៥៦ ម៉ឺត្រ)។

កាលដើមឡើយ វត្តនេះមិនទាន់មានជាព្រះវិហារធំដូចសព្វថ្ងៃនោះទេ គឺមានតែសាឡំ (ព្រះវិហារតូច) តែប៉ុណ្ណោះ។ លុះចំណេរកាលកក្រោយមក ក្នុងអំឡុងសើម ទ.វទី៦០ តួព្រះវិហារចាស់ត្រូវបានរុះរើចេញនៅសល់តែគ្រឹះ ហើយវិហារថ្មីត្រូវបានសាងសង់ពីលើខឿនព្រះវិហារចាស់ដដែល ដែលមានឯកឧត្តម អ៊ុង ក្រពុំផ្កា ជាស្ថាបត្យករផង និងជាវិស្វករផង។ ជាសក្ខីភាព សព្វថ្ងៃយើងនៅឃើញខ្លោងទ្វារ ធំចាស់ខាងមុខបែរទៅរកមហាវិថីព្រះនរោត្តមដែលចារឹកស្លាក់ ព.ស. ២៥០៣ គ.ស. ១៩៦០។ ព្រះវិហារវត្តនេះ មានបណ្តោយប្រវែង២១ ម៉ែត្រ ទទឹង ៩ម៉ែត្រ និងកម្ពស់គិតដល់ពិតាន ៨ម៉ែត្រ។ ប៉ុន្តែកាលជំនាន់នោះ វត្តនេះពុំទាន់បានសាងសង់រួចរាល់ជាស្ថាពរនៅឡើយទេ ដោយសារបញ្ហាអស្ថេរភាពស្រុក ទេសកាលពី ទ.វទី៧០។ ក្រោយសម័យខ្មែរក្រហម នៅអំឡុងទ.វទី៨០ វត្តនេះត្រូវបានទុកចោលមានប្រជាជន ជាច្រើនគ្រួសារចូលមករស់នៅជុំវិញបរិវេណវត្តទាំងមូល។ ចាប់តាំងពីពេលនោះមក ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់វត្តត្រូវបានបំផ្លិចបំផ្លាញ ដូចជា សាលាឆាន់ កុដិ សាលាបាលី និងចេតិយជាដើម។

លុះមកដល់ដើម ទ.វទី៩០ ទើបគេចាប់ផ្តើមរៀបចំតំណើរការវត្តនេះឡើងវិញ ហើយមានព្រះសង្ឃត្រឹម៤អង្គប៉ុណ្ណោចូលមកគង់នៅ។ ព្រះវិហារត្រូវបានជួសជុលកែលំអរបន្ថែម និងសាងសង់បង្ហើយដំបូល។ លក្ខណៈពិសេសផ្នែកស្ថាបត្យកម្ម នៃព្រះវិហារវត្តនេះ គឺគ្មានសសរទ្រសូម្បីតែមួយដើម(សសរកណ្តាល) នៅក្នុងព្រះវិហារ ហើយពេលនិយាយនៅក្នុងព្រះវិហារពុំមាន សម្លេងខ្ទរដូចព្រះវិហារវត្តដទៃឡើយ។ សំណង់ចាស់ៗដដែលនៅសេសសល់រហូតមកទល់បច្ចុប្បន្នក្រៅពីព្រះវិហារនៅមានខ្លោងទ្វារ កុដិចំនួនពីរ របងវត្តផ្នែកខ្លះ និងចេតិយបុរាណចំនួនប្រាំ ដែលមួយក្នុងចំណោមនោះជាចេតិយរបស់ចៅឃុនប្រយូរវង្សប៉ាត ប៉ុន្តែអដ្ឋិធាតុ និងវត្ថុមានតម្លៃត្រូវបានគាស់កកាយបាត់អស់ហើយនៅសល់តែតួចេតិយទទេដែលប្រជាពលរដ្ឋចំណុះជើងវត្តនាំគ្នាយកធ្វើជាផ្ទះសម្បែងស្នាក់នៅ។

សព្វថ្ងៃ វត្តប្រយូរវង្ស មានព្រះសង្ឃសរុប១០អង្គស្នាក់នៅ។ រីឯប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅក្នុងបរិវេណវត្តនេះ បើតាមស្ថិតិចាស់របស់ប្រធានភូមិមានចំនួន៤១៤ គ្រួសារ។

វត្តប្រយូរវង្ស_ថ្ងៃច័ន្ទទី ៧ ខែមិថុនា ឆ្នាំ២០២១

ឯកសារ: កម្ពុជាកន្លះសតវត្សរ៍ មុននិងក្រោយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s