រឿងខ្លី គាត់មិនស្លាប់ទេ!

ទើបតែរៀបការថ្មីថ្មោង ប្តីក៏ត្រូវឃ្លាតទៅបំពេញបេសកម្មតាមខេត្ត។ ពាក្យថានឹករលឹក ដែលអ្នកទាំងពីរឆ្លងឆ្លើយគ្នាតាមទូរសព្ទ័ ពិតជាមិនអាចគ្រប់គ្រាន់ សំរាប់ស្នេហាមួយនេះឡើយ។ គ្រប់ដង្ហើមចេញចូលពួកគេបន់អោយឆាប់បានមករួមរស់ជុំគ្នានៅក្រុងភ្នំពេញវិញ។

យប់មួយនោះគឺជាយប់ដ៏សែនរីករាយ ព្រោះបុរសជាប្តីផុតភារកិច្ច និងកំពុងតែត្រលប់មកភ្នំពេញវិញ ជួបប្រពន្ធជាទីស្រឡាញ់។

” គុន្ធា ប្រពន្ធជាទីស្រឡាញ់របស់បង! ថ្ងៃស្អែកបងនិងបានញុំាម្ហូបដែលអូនចំអិនហើយ! ” គាត់និយាយទាំងសប្បាយចិត្ត។

” ល្មោភញុំាមែន! បានមកភ្នំពេញវិញ គិតតែរឿងញុាំទេ? ”

” តែបងនឹកអូន ! បងចង់ញុំាជាមួយអូន ”

សម្តីរបស់ស្វាមី ធ្វើអោយលេចចេញនៅស្នាមញញឹមដ៏កក់ក្តៅ ពីផ្ទៃមុខរបស់​ គុន្ធា ព្រោះប្រហែលជានាងនឹកស្វាមីនាង ជាងគាត់នឹកនាងទៀត។

ថ្ងៃដែលស្វាមីត្រលប់មកវិញ ជាថ្ងៃដែល គុន្ធា រងចាំដោយចិត្ត អន្ទះសា៕ នាងចំណាយពេលស្ទើរតែពេញមួយថ្ងៃសម្រាប់តែរៀបចំអារហារចាំទទួលប្តី ដែលនឹង មកដល់នាពេលមេឃងងឹត។ គ្រាន់តែព្រះអាទិត្យលិចតាមច្បាប់ធម្មជាតិសោះ ក៏នៅតែធ្វើអោយ គុន្ធា រំភើបរកថាមិនត្រូវ។

ពេលនោះផ្ទះទាំងមូលបំភ្លឺដោយពន្លឺភ្លើងទៀន ដែលនាងមានបំណងបង្កើតបរិយាកាសអោយកាន់តែផ្អែមល្ហែម តែពន្លឺដ៏ស្រស់ស្អាតនេះមិនយូរប៉ុន្មានក៏ប៉ះនឹងកំលាំង ខ្យល់បក់បោក។​ គ្រាដែលភ្លើងទៀនរលត់ គុន្ធាហាក់ស្លុតចិត្តពន់ពេក។ នាងដើរទៅរកដែកកេះអុជទៀនជាថ្មី ហើយស្រាប់តែមានអារម្មណ៏ថា ដូចជាមានមនុស្សម្នាក់ឈរនៅក្បែរនាង។

«បងសុផា!» នាងហៅឈ្មោះប្តី ព្រោះគិតថាគាត់បន្លំចូលផ្ទះ ធ្វើអោយនាងភ្ញាក់ផ្អើល ប៉ុន្តែមិនលឺ សំលេងប្តីតបសោះ។

«បងសុផា! ប្រាកដជាបងហើយ»

គុន្ធាមិនទាន់អុជទៀននុះទេ ព្រោះនាងចង់ដើររាវចាប់ប្តីនាងក្នុងភពងងឹត។ ភ្នែកនាងមើលមិនឃើញអ្វីឡើយ តែនាងមានអារម្មណ៏ថា ប្តីនាងកំពុងតែនៅជិតនាង។ នាងដើររកប្តីបណ្តើរនិយាយសើចបណ្តើរ​៖

«អូនចាប់បងឯងជាប់ឡូវហើយ!»

ប៉ុន្តែដោយមិនបានប៉ះខ្លួនប្តីគុន្ធានិយាយទាំងក្និកក្នក់ថា ៖

«ហត់ណាស់! បងកុំលេងទៀតមើល៏!» ពោលចប់ភ្លាមនាងស្រាប់តែជំពប់ជើង ហើយក៏បានប៉ះខ្លួនមនុស្សម្នាក់។

គុន្ធាស្រវាអោបដងខ្លួននោះយ៉ាងណែន ព្រោះស្គាល់ជាក់ជារូបរាងស្វាមីនាង។ ប៉ុន្តែរូបរាងនុះវិញមិនបាន និយាយអ្វីមករកនាងសោះ បែរជាលឺតែសំលេងខ្សឹកខ្សួលចេញពីដួងចិត្តទៅវិញ។

រំពេចនោះទូរសព្ទ័របស់ គុន្ធា ក៏រោរ៏សំលេងឡើងដោយជះពន្លឺអោយនាងបានឃើញមុខប្តីរបស់នាង ដែលប្រលាក់សុទ្ធតែឈាម។ ដូចជាក្តីស្រមៃ ព្រោះស្វាមីស្រាប់តែរលាយបាត់ពីកែវភ្នែក។ គុន្ធាតក់ស្លុតឡើងញរ័ខ្លួន ទទ្រើក។ ដួងចិត្តនាងសែនសង្វេគ ចង្វាក់ដង្ហើមសែនខ្សោយ ហើយដើរទៅទទួលទូរសព្ទ័។

«ជម្រាបសួរអ្នកស្រី! សូមអ្នកស្រីតាំងអារម្មណ៏អោយរឹងមាំ…..លោកសុផាមានគ្រោះថ្នាក់ចរាចរណ៏ ….. ឥឡូវគាត់ស្លាប់ហើយ!»

ទូរសព្ទ័ធ្លាក់ចុះពីដៃ សោតឯដងខ្លួននាងក៏ដួលរលំទៅលើឥដ្ធ សន្លប់បាត់ស្មារតី។

លុះដឹងខ្លួនឡើង គុន្ធា កំពុងតែគេងនៅលើគ្រែក្នុងផ្ទះដ៏ងងឹតសូន្យសុង។ នាងមានអារម្មណ៏ប្រៀបដូចជាភ្ញាក់ពីសុបិន រួចនាងក្រោកដើរទៅអង្គុយរងចាំផ្លូវប្តីបន្ត។ គុន្ធា ទន្ទេញជាប់នៅក្នុងចិត្តថា « អម្បាញ់មិញខ្ញុំយល់សប្តិអាក្រក់ម៉្លេះ ?» ប្តីខ្ញុំប្រាកដជាជិតត្រលប់មកដល់ផ្ទះហើយ។

ម៉ោង១២ រំលងអាធ្រាត្រទៅហើយ ម្ហូបអារហារទុកទទួល ស្វាមីឡើងត្រជាក់កក តែគុន្ធា គិតតែអង្គុយរងចាំដូចមនុស្សបាត់វិញ្ញាណ។ លុះមួយស្របក់មក នាងក៏ក្រោកទៅបើកភ្លើង ហើយនិយាយម្នាក់ឯង។

« ម៉េចក៏បងយូរម៉្លេះ ? ម្ហូបត្រជាក់អស់ហើយ កម្តៅអោយក្តៅសិនទម្រាំបងត្រលប់មកដល់បានពិសារ តែម្តង!»

ពេលលើកម្ហូបយកទៅកម្តៅ គុន្ធា ក៏ដើរជាន់ទូរសព្ទ៏នៅលើ ឥដ្ធ។ នាងនៅទ្រឹងមួយខណះ រួចក៏លែងចាប់អារម្មណ៏ ហើយប្រញាប់យកម្ហូបទៅចង្រ្កាន។ កម្តៅរួចរាល់ហើយ នាងក៏មកអង្គុយរងចាំប្តីនៅក្រោមពន្លឺភ្លើងទៀនម្តងទៀត។ នាងទន្ទេញរហូតថា

« បងជិតមកដល់ផ្ទះហើយ!»

ពេញមួយយប់គុន្ធាអង្គុយរងចាំប្តី ៖

លុះថ្ងៃរះថ្មី ទើបនាងប្រមូលចានម្ហូបយកទៅលាង ធ្វើដូចជាមិនមានរឿងអ្វីកើតឡើងទាំងអស់។ ដល់ថ្ងៃរះខ្ពស់បន្តិចក៏មានគេដឹកសពស្វាមីនាងមកដល់ផ្ទះ។​ ដឹងថាមានឡានចតមុខផ្ទះ គុន្ធាក៏ចេញមកមើល ហើយពេលបានឃើញសពស្វាមីនាង នាងស្រែកយំទួញសោករហូតបាត់ស្មារតី។

ពិធីបុណ្យរបស់សុផាក៏បានរៀបចំឡើង គុន្ធាមានកិរិយាធ្មឹងៗ បាយមិននឹក ទឹកមិនស្រេក ដេកមិនលក់រហូតដល់យប់នៃ បុណ្យសពប្រាំពីរថ្ងៃ ឃើញស្រីអង្គុយយំនៅលើគ្រែគេង ដោយនិយាយតែឯងថា ៖

« ក្រែងបងថាមកញុំាម្ហូបដែលខ្ញុំធ្វើអ្ហេះ?» ម៉េចក៏បងមិនមក? ទេបងមកហើយ ម៉េចក៏បងទៅវិញ? អូនម៉េចនឹងអាចរស់ដោយគ្មានបងទៅ? សូមបងត្រលប់មកវិញមក ប្តីសំឡាញ់! ឬ ក៏បងចង់អោយអូនសំលាប់ខ្លួនទៅតាមបង? បងសុផា! បងចាំអូនចុះ អូននឹងទៅតាមបង!

គុន្ធាបិទភ្នែកបង្ហូរទឹកភ្នែក ស្រាប់តែពេលបើកភ្នែកវិញ នាងក៏ឃើញ សុផា ស្វាមីនាង ឈរជ្រងោនៅចំពោះមុខនាង។

«បង! បងមកវិញហើយ! » នាងស្ទុះអោបប្តី ហើយនិយាយបណ្តើរ «បង! បងកុំទៅចោលអូនទៀត អូននឹកបងណាស់! »

ទឹកមុខរបស់នាងសើចសប្បាយ ទាំងទឹកភ្នែកស្រក់ហូរមិនឈប់។​ ប្តីនាងញញឹម អង្អែលក្បាលនាង។

ស្អែកឡើងគុន្ធាទៅផ្សារ ដោយមានទឹកមុខញញឹម ពព្រាយ ហើយចៃដន្យក៏មានមិត្តភក្រ័ម្នាក់ប្រទះឃើញ។ ចន្ធី ជាមិត្តជិតដិតរបស់គុន្ធា ហើយខណះឃើញមិត្តដើរញញឹមម្នាក់ឯង ក៏កើតក្តីចំលែកចិត្ត នាងដើរតាមក្រោយបន្តិច ក៏ស្រែកហៅ។​ គុន្ធា ងាកទាំងស្នាមញញឹមទៅរកនាង ក៏សួរថា

«ឯងទិញម្ហូបច្រើនណាស់នេះហ៏! »

«ចាស៎គ្នាធ្វើម្ហូបអោយ,,,! » គុន្ធាអាក់សំដីហើយបង្វែរសំនួរទៅសួរចន្ធីវិញ «ចុះឯងមកផ្សារតែម្នាក់ឯងទេ? »

ចន្ធីងក់ក្បាល រួចនិយាយដោយអារម្មណ៏សង្សយ័ ៖

«ថ្ងៃនេះឯងដូចជាកាត់ចិត្តពីប្តីឯងបាន ,,,, គ្នាសប្បាយចិត្តណាស់នៅពេលឃើញទឹកមុខរបស់ឯង អ៊ីចឹង។»

«គ្នាគិតយល់ហើយ! ទោះបីបងសុផាស្លាប់ តែគ្នាត្រូវរស់បន្តដោយសប្បាយចិត្ត។ អរគុណឯងហើយណា!» គុន្ធាតប។

ទោះយ៉ាងណាចន្ធី ហាក់នៅតែមិនអស់ចិត្តគិតសង្សយ័។ នាងខំរកនឹកថា តើមិត្តនាងទិញម្ហូបច្រើនយ៉ាងនេះយកទៅធ្វើអោយនរណាញុំា បើនាងរស់នៅតែម្នាក់ឯង? អ្វីដែលគួរអោយឆ្ងល់ទៀត គឺគុន្ធា ថ្ងៃនេះហាក់ដូចជាមនុស្សម្នាក់ផ្សេងទៀតខុសពីគុន្ធាកាលពីថ្ងៃម្សិលមិញ។ ចន្ធី ដឹងច្បាស់ថា មិត្តនាងស្រឡាញ់ ស្វាមីខ្លាំងលើសលប់។ បើថានាងមានស្នេហាថ្មីក៏មិនអាចទៅរួច។ ឆ្ងល់ពេកនាងក៏លបដើរតាមពីក្រោយ រហូតដល់ផ្ទះមិត្តនាង។

គុន្ធាដើរចូលទៅក្នុងផ្ទះយ៉ាងរួសរាន់ដោយនិយាយបណ្តើរផង ៖

«បងអ្ហា! អូនទិញរបស់មកច្រើនណាស់។ បងចង់ញុំាអី? »

សុផាដើរមកទទួលប្រពន្ធទាំងនិយាយ ៖

«អូនមិនបាច់នឿយហត់យ៉ាងនេះទេ! » រួចគាត់ថើបប្រពន្ធជាទីស្រឡាញ់ ទើបបណ្តើរគ្នាទៅកាន់ផ្ទះបាយ។

គុន្ធាដាក់ដាំបាយ ហើយចិត្តបន្លែ ព្រមទាំងនិយាយផ្អែមល្ហែមជាមួយស្វាមី ប៉ុន្តែចំពោះ ចន្ធី ដែលបានដើរតាមមើលមិត្ត ជាយូរមកហើយនោះ នាងមិនបានមើលឃើញសុផា ឡើយ ឃើញតែគុន្ធា និយាយម្នាក់ឯងដូចមនុស្សវិកលចរិត។

មុនដំបូងនាងភយ័ណាស់ បន្ទាប់មកក៏បារម្ភចំពោះមិត្តរបស់នាងយ៉ាងខ្លាំង។ នាងដើរចូលទៅរកមិត្តសួរថា ៖

«គុន្ធាឯងកំពុងនិយាយជាមួយអ្នកណា? »

គុន្ធា ងាកមករកចន្ធី ទាំងរន្ធត់នឹងសំលេងមិត្ត ហើយរំពេចនោះនាងងាកមើលទៅប្តីវិញ ក៏បាត់គាត់ឈឹង។ ចន្ធីដើរ ទៅរកគុន្ធា តែមិត្តនាងធ្វើមុខក្រញ៉ុវ មិនព្រមឆ្លើយតបនឹងនាងសោះ។

«ប្រាប់ខ្ញុំបានទេ តើឯងកំពុងធ្វើអីហ្នឹង? » ចន្ធីសួរម្តងទៀត

គុន្ធាឆ្លើយទាំងខឹងសម្បាថា ៖

«ខ្ញុំកំពុងធ្វើម្ហូបឯងមិនឃើញទេអេះ? » ចុះតើឯងមកផ្ទះខ្ញុំធ្វើអី?

តែអំបាញ់មិញខ្ញុំលឺឯងនិយាយ តើឯងនិយាយជាមួយនរណា? គន្ធីសួរ?

ខ្ញុំនិយាយម្នាក់ឯងមិនបានទេអ្ហ? ឬក៏គិតថាខ្ញុំឆ្កួត? គុន្ធាឆ្លើយ!

ឃើញមិត្តមួម៉ៅយ៉ាងនេះ ចន្ធី រឹតតែបារម្ភ។

តើឯងនិយាយជាមួយប្តីឯងមែនទេ? តើឯងបានឃើញព្រលឹងប្តីរបស់ឯងមែនទេ? ​ចន្ធីសួរ

មែន!ឯងគិតថាខ្ញុំឆ្កួតត្រូវទេ? តែខ្ញុំចង់ប្រាប់ឯងថា ប្តីខ្ញុំពិតជាត្រលប់មករស់នៅជាមួយខ្ញុំវិញមែន។​ឯងអស់ចិត្តនៅ? បើកុំតែពួកឯងមករំរខានពួកយើង ប្តីខ្ញុំក៏មិនបាត់ខ្លួនដែរ។ ឯងល្មមចេញទៅវិញហើយតើបានទេ?

គុន្ធា!!!!

ចន្ធី សែនបារម្ភពី គុន្ធា តែនាងត្រូវគុន្ធារុញច្រានចេញពីផ្ទះ ហើយត្រលប់ទៅវិញទាំងមិនអស់ចិត្ត។

មិត្តចេញទៅបាត់ គុន្ធា គិតតែពីស្រែករកប្តីនាង អោយត្រលប់មកវិញ។

«បង! បងមកវិញមក៍! បងនៅឯណា? » នាងស្រែកហៅប្តីខ្លាំងៗ។

នាងហៅយូរណាស់ តែមិនឃើញព្រលឹងប្តីនាងចេញមកសោះ រួចនាងក៏អង្គុយយំ ដោយនិយាយពាក្យដូចកាលពីយប់មិញទៀត ៖

«បើបងមិនព្រមចេញមកទេចាំអូនទៅតាមបង! »

ថាហើយនាងប្រុងយកកាំបិតចាក់សំលាប់ខ្លួន ធ្វើអោយព្រលឹងប្តីនាងបង្ហាញខ្លួនមកវិញ។

«អូនកុំធ្វើបែបនេះ! » សំលេងប្តីនាង។

គុន្ធាដាក់កាំបិតចុះ ស្ទុះទៅរកប្តី។

តើអោយអូនរស់ធ្វើអីបើគ្មានរូបបងនោះ?គុន្ធាតបប្តី

សុផា ធ្វើមុខស្រពោន បន្លឺទៅរកប្រពន្ធ ៖

គុន្ធា សូមអូនកុំយកការស្លាប់​ មកគំរាមបងបែបនេះ?

ពួកយើងឥឡូវពិតជានៅស្ថានខុសគ្នាហើយ។ អូនត្រូវតាំងចិត្តក្លាហាន រស់តទៅទៀតដោយគ្មានបង។

គុន្ធាប្រកែកភ្លាម ៖

រស់នៅគ្មានបង អូនសុខចិត្តស្លាប់វិញ។ បើពួកយើងរស់នៅស្ថានខុសគ្នា អូននឹងស្លាប់ទៅរស់នៅស្ថានជាមួយបង។

សុផាខ្លោចចិត្តអាណិតប្រពន្ធ តែគាត់នៅតែពន្យល់នាង ៖

អូនមិនអាចធ្វើបែបនឹងបានទេ។ អូនធ្វើអោយបងនៅមិនស្ងប់ហើយ !មានជីវិតគឺមានឱកាស ដើម្បីអោយបានធ្វើនៅអ្វីដែលយើងចង់ធ្វើ។ ការស្លាប់ជារឿងធម្មតាទេ !

មិនធម្មតាទេបើម្នាក់ស្លាប់ ម្នាក់រស់នោះ! បងមិនយល់ពីអារម្មណ៏អូនទេ មែនទេ? ពេលបងស្លាប់ ជីវិតអូនគឺ ស្លាប់ទាំងរស់ ….. តើអោយអូនរស់នៅធ្វើអីទៀត? បងឆ្លើយប្រាប់អូនទៅមើល!

ទឹកភ្នែកជាច្រើនតំណក់ស្រោចផ្ទៃមុខភរិយា បណ្តាលអោយសុផា ក្តុកក្តួលហួសថ្លែង​ គាត់និយាយលែងចេញ ក៏អោបប្រពន្ធអោយនាងបានស្ងប់ចិត្ត។

រំលងបានមួយថ្ងៃ ដោយក្តីបារម្ភ ចន្ធី បានបបួលមិត្តភក្រ័ ស្និតស្នាលបីនាក់ទៀតទៅលេងផ្ទះគុន្ធា ប៉ុន្តែ ពួកនាងមិនបានទទួលការស្វាគមន៏ឡើយ។ គុន្ធា បើកទ្វារអោយមិត្តចូលផ្ទះមែន តែនាងសំដែងទឹកមុខធុញទ្រាន់ជាទិបំផុត។

​មិត្តរបស់នាងម្នាក់និយាយថា ៖

គុន្ធា ហ្អា! ពួកយើងចង់នាំឯងទៅទេសចរណ៏​ ក្រែងអាចធ្វើអោយឯងធូរស្បើយចិត្តខ្លះ។​ ឯងគិតយ៉ាងម៉េចដែរ?

គុន្ធា តប់ទៅមិត្តវិញដោយសម្តីសោះកក្រោះ ៖

អរគុណពួកឯងហើយគ្នាអាចរស់នៅតែម្នាក់ឯង មិនបាច់អោយពួកឯងឆ្អឺឆ្អាលពេលទេ។

មិត្តរបស់នាងម្នាក់ទៀតក៏បន្លឺថា ៖

ពួកយើងជាមិត្តរបស់ឯងណា ម៉េចក៏ឯងនិយាយអ៊ីចឹង?

គុន្ធាតបដោយធុញទ្រាន់

ខ្ញុំដឹងហើយ! ខ្ញុំមិនបានចាត់ទុកពួកឯងជាសត្រូវទេ។ ពួកឯងកំពុងគិតថា ខ្ញុំសរសៃរប្រាសាទតើមែនទេ? ខ្ញុំគ្មានបញ្ហាអីទេ! ខ្ញុំចង់រស់នៅជាមួយព្រលឹងប្តីខ្ញុំ ។​ អាណិតសូមឯងទៅវិញទៅ ខ្ញុំគ្មានអារម្មណ៏ទទួលភ្ញៀវទេ ។

ចន្ធី ក្រវីក្បាលហើយពោលពាក្យទាំងខឹង ៖

ឯងថាព្រលឹងប្តីឯងនៅក្នុងផ្ទះនេះមែនទេ? បាន! ម៉េចក៏ឯងមិនហៅគាត់អោយយើងបានឃើញផង? បើបានឃើញគាត់ពួកខ្ញុំ នឹងអស់ចិត្ត ហើយត្រលប់ទៅផ្ទះវិញភ្លាម។

ឮបែបនេះមិត្តម្នាក់ដែលខ្លាចខ្មោច ក៏ភយ័ដែរ តែគុន្ធាដកដង្ហើម និយាយទាំងធុញថប់ថា ៖

បងសុផា មិនអាចចេញមកជួបពួកឯងបានទេ!

ចន្ធី តបភ្លាមថា ៖

គាត់ម៉េចនឹងអាចចេញមកបាន បើគ្មានព្រលឹងគាត់មែនទែនផងនោះ? តាមពិតឯងកំពុងតែស្រមើរស្រម៉ៃម្នាក់ឯងប្រឌិតរឿងម្នាក់ឯង …. បើទោះបីលើលោកនេះពិតជាព្រលឹងវិញ្ញានមែន ឯងធ្វើបែបនេះប្រាកដជាធ្វើអោយព្រលឹងប្តីឯងវិលវល់មិនអាចទៅរកសុគតិភពបានទៅវិញទេ។

ផ្តេសផ្តាស! ប្តីខ្ញុំស្រឡាញ់ខ្ញុំ គាត់មិនចង់ឃ្លាតពីខ្ញុំទេ។​ ខ្ញុំមិនមែនប្រឌិតរឿងឆ្កួតនោះទេ គឺព្រលឹងប្តីខ្ញុំមិនដាច់ចិត្តពីខ្ញុំ គាត់ត្រលប់មករស់នៅជាមួយខ្ញុំ។ ពួកឯងយល់ទេ? ពួកឯងនាំគ្នាចេញទៅ ! ខ្ញុំធុញនឹងពួកឯងណាស់! ឆាប់ចេញទៅខ្ញុំសុំអង្វរ!

ឮ គុន្ធាពោលពាក្យបណ្តេញខ្លួនបែបនេះ ម្នាក់ៗក៏ទាល់តំរិះ ហើយដើរចេញពីផ្ទះនាងទាំងរារែក ។ ពួកនាងគិតថា នាងមានជម្ងឺស្រមើស្រមៃ ។ នាងកំពុងបង្កើត ពិភពផ្សេងមួយ រស់នៅជាមួយប្តីនាង តាមអ្វីដែលនាងចង់បាន។ នេះគឺប្រៀបដូចជាមនុស្សឆ្កួត អាចគ្រោះថ្នាក់បានគ្រប់ពេលវេលា។

ចន្ធីនិយាយដោយទឹកមុខព្រួយបារម្ភ ៖ គុន្ធាប្រហែលជាមិនព្រមអោយយើង នាំនាងអោយពេទ្រពិនិត្យទេ​ប៉ុន្តែយើងក៏មិនអាចទុកនាងចោលមិនរវីរវល់ដែរ។

ក្នុងចំនោម៤នាក់ មានតែម្នាក់ប៉ុណ្ណោះ ដែលហាក់ជឿ​ថាវិញ្ញាណ សុផា ប្រហែលជាត្រលប់មករកគុន្ធាមែន។

បើពិតដូចគុន្ធានិយាយ ព្រលឹងប្តីនាងអាចនឹងក្លាយជាខ្មោចលងគេឯងទេហ្ន៎! មនុស្សនឹងខ្មោចម៉េចអាចរស់នៅជាមួយគ្នាបានទៅ។​

វាមិនអាចមានរឿងបែបនេះ មកកើតនៅកណ្តាលក្រុងអ៊ីចឹងទេ! បើនិយាយថា នៅឯស្រុកស្រែដាច់ស្រយាលប្រហែលជាខ្ញុំជឿខ្លះ។

ប៉ុន្តែបើមិនជឿ កុំប្រមាថ! ខ្ញុំគិតថា ឬក៏យើងទៅអញ្ជើញអាចារ្យ ឬព្រះសង្ឃ អោយជួយមើលផ្ទះគុន្ធាល្អទេ?

ឯងស្មានថាគុន្ធា ព្រមអោយព្រះសង្ឃ ឬ អាចារ្យចូលផ្ទះហ្ន៎! នាងមុខតែបណ្តេញចេញ ដូចបណ្តេញពួកយើងឥឡូវហើយ។

ការបារម្ភពីមិត្ត ហាក់ដូចជានៅតិចជាងទំហំស្នេហារបស់គុន្ធាចំពោះ ស្វាមី។ នាងស្រែកហៅ រហូតបានឃើញប្តីនាងនៅក្បែរ ប៉ុន្តែទឹកមុខប្រែកាន់តែអស់សង្ឃឹមចំពោះភរិយា។

វិញ្ញាណប្តីស្តីអោយប្រពន្ធថា ៖

ហេតុអ្វីអូនអាចធ្វើចារិតបែបនេះ ជាមួយមិត្តភក្រ័អូនបាន? ទោះយ៉ាងណាពួកគេជាមិត្តល្អរបស់់អូន។ ពួកគេបារម្ភពីអូន ទើបពួកគេមកមើលអូន។ ហេតុអ្វីអូនបណ្តេញពួកគេអោយទៅវិញបែបនេះ?

គុន្ធាសំលឹងទឹកមុខប្តី ហាក់នឹកស្តាយកំហុស។ នាងបន្លឺ ៖

អូន អូន សុំទោស …!

មិនមែនសុំទោសបងទេ គឺសុំទោសមិត្តភក្តិរបស់អូន!……

ចាស៎ ពេលជួបពួកគេ អូននឹងសុំទោស បងកុំខឹង នឹងអូន!

តែពេលនេះបងខឹងនឹងអូនហើយ …… គុន្ធាលើលោកនេះក្រៅពីបង អូននៅមានកិច្ចការជាច្រើនត្រូវធ្វើទៀត។ អូនមិនអាចឈប់ខ្វល់អ្វីទាំងអស់បានឡើយ។ អូនត្រូវទៅធ្វើការ ត្រូវមានមិត្តភក្តិ ត្រូវទៅលេងសាច់ញាតិ….. បងស្លាប់ហើយ! បងមិនអាចរស់នៅក្បែរអូនទៀតទេ ។

គុន្ធាស្តាប់សំដីប្តីទាំងអង្គុយស្ងៀមធ្មឹង! សុផាមើលមុខប្រពន្ធដោយក្តីអាណិត ប៉ុន្តែគេត្រូវជម្នះនិយាយអោយនាង​ភ្ញាក់ខ្លួន។

ពេលនេះជាពេលចុងក្រោយ ដែលបងបង្ហាញខ្លួនអោយអូនឃើញបង! សំឡេង សុផា។

ទេ! មិនអាចទេ ! បងមិនអាចទុកអូនចោលបែបនេះទេ! គុន្ធាបន្លឺទាំងស្រវាអោបប្តីមិនអោយរបូត!

សុផា ចាប់អង្រួនស្មាទាំងសងខាងរបស់នាង ៖

អូនកុំធ្វើបែបនេះបានទេ? យើងរស់នៅក្នុងភពផ្សេងគ្នាហើយ ។ បងត្រូវទៅរស់នៅក្នុងភពថ្មីរបស់បង តែអូនត្រូវរស់នៅជាមនុស្សបន្តទៀត។ អូនត្រូវទទួល ខុសត្រូវចំពោះជិវិតអូនបន្តទៀត ស្តាប់បានទេ។

ទេអូនមិនចង់ទទួលខុសត្រូវជិវិតស្អីទេ ! អូនចង់ស្លាប់អោយចប់ទៅ អូននឹងទៅរស់នៅជាមួយបង!

គុន្ធាអូនកុំមានះបែបនេះ វាគ្មានប្រយោជន៏ទេ ! ពួកយើងត្រូវតែ ព្រមទទួលស្គាល់ការពិតនេះជាមួយគ្នា។ អូនដឹងទេបងគ្រាន់តែទៅមុនអូនប៉ុណ្ណោះ។ តែអូនត្រូវនៅសិន ដើម្បីធ្វើរឿងជាច្រើន ដែលអូនចង់ធ្វើ។ អូនភ្លេចហើយមែនទេ? ពួកយើងមានក្តីស្រមៃរួមគ្នាច្រើនណាស់ ហើយវាមិនទាន់ក្លាយជាការពិតទេ។ ឥឡូវបងលេងជាមនុស្ស បងលែងអាចសំរេចក្តីស្រមៃ របស់ពួកយើងបានហើយ គឺមានតែអូនប៉ុណ្ណោះ! បើអូនស្រឡាញ់បង តើអូនអាចជួយសំរេចក្តីស្រមៃ របស់ពួកយើងបានទេ? ធ្វើជំនួសបងដើម្បីអោយបងបានសប្បាយចិត្ត

គុន្ធាគិតតែពីក្រវីក្បាល នឹង បង្ហូរទឹកភ្នែកដាក់ប្តី ៖

ទេ! អូនមិនអាចធ្វើអ្វីតែម្នាក់ឯងបានទេ បើគ្មានបង ហេតុអ្វី បងទុកកិច្ចការជាច្រើនអោយអូនធ្វើតែម្នាក់ឯង?

បងសុំទោស!

គុន្ធា ក៏ស្រែកយំខ្លាំងៗ

ទេ! ទេ! ពេលនេះគឺបងនៅចំពោះមុខអូនហើយ ហេតុអ្វីបងសំរេចចិត្តរស់នៅជាមួយអូនមិនបាន?

ទឹកមុខសុផា សែនជូរចត់ នឹកអាសូរភរិយា តែពេលវេលាមិនទុកអោយគាត់នៅបង្ហាញខ្លួនបន្តទៀតឡើយ ហើយគាត់ក៏រលាយបាត់ពីមុខនាងនាពេលនោះទៅ។

ព្រលប់មកដល់ មេឃយល់ពណ៏ស្រអាប់ ធម្មជាតិស្ងប់ស្ងាត់ ហាក់ចង់ប្រាប់អ្វីម្យ៉ាងដល់ចន្ធី និងធ្វើអោយនឹកឃើញព្រួយនឹកដល់មិត្តអភព្វ័របស់ខ្លួន។ នាងចេះតែកើតអារម្មណ៏ភយ័ៗ ខ្លាចគុន្ធាមានរឿងអីកើតឡើង ហើយដោយមិនដាច់ចិត្តនាងក៏ទៅរកមិត្ត។

ចន្ធីគោះទ្វារតែមិនលឺសំលេងឆ្លើយ ទើបនាងរុញទ្វារដើរចូលទៅក្នុងផ្ទះ ដែលមានសភាពស្ងាត់ជ្រងំ។

គុន្ធា ! គុន្ធា ! តើឯងនៅឯណា?

ហៅបណ្តើរ នាងក្រលេកមើលទៅរូបថត សុផា ភ្ជួរជាប់ជញ្ជាំង ដែលប្រកបដោយខ្សែភ្នែកហាក់ចង់ និយាយអ្វីមករកនាង។ ចន្ធី មិនខ្លាចខ្មោចទេ តែនាងហាក់ទទួលអារម្មណ៏ចំលែកពីរូបថតនោះ។

គុន្ធា! ម៉េចមិនលឺឯងឆ្លើយ?

ចន្ធី ស្រែកហៅ គុន្ធា ខ្លាំងៗ រួចក៏សំរេចចិត្តដើរចូលទៅបន្ទប់គេង គុន្ធា ។ ឱ! ពុទ្ធោ! អើយគុន្ធា ដេកស្តូកស្តឹង ទាំងមានឈាមនៅលើកដៃ នៅលើគ្រែគេង។ បន្ទប់គេងដែលតុបតែងថ្មីៗ ហេតុអ្វីក៏កើតរឿងអកុសល បែបនេះ? នេះព្រោះស្រីទ្រាំនឹងភាពឈឺចាប់នៃការព្រាត់ប្រាស់មិនបាន ក៏យកកូនកាំបិតកាត់សរសៃសម្លាប់ខ្លួន។

ចន្ធី ស្លន់ស្លោ ស្ទើរតែគិតអ្វីមិនឃើញ ប៉ុន្តែដឹងថាមិត្តនៅមានដង្ហើម ក៏ភ្ញាក់ខ្លួនយកទូរសព្ទ៍ចុចហៅឡានពេទ្យ។

ជីវិតមិនអស់មិនស្លាប់ នៅចន្លោះទ្វារមរណះនេះ គុន្ធា បានជួបនឹងសុបិនដ៏វៃងឆ្ងាយ រឿងរ៉ាវទាំងឡាយដែលនាងធ្លាប់បានធ្វើ ទង្វើនានាដែលដក់ជាប់នៅក្នុងចិត្ត គំនិតផ្សេងៗ ដែលធ្លាប់កត់ទុកនៅក្នុងគំនរសង្ខា … ឱ! វដ្តសង្សារ …. សុផា នឹង គុន្ធា មិនដឹងជាធ្លាប់កើតស្លាប់ប៉ុន្មានដងទៅហើយ ម៉េចឡើយនាងទទួលយកច្បាប់ធម្មជាតិនេះមិនបានទៀត។ នាងបានយំខ្សឹកខ្សួលនៅក្នុងសុបិន តែនាងក៏បានសើចញញឹមផងដែរ នៅពេលបានយល់ពីអត្ថនយ័ពិតពីជីវិតមនុស្ស។

ការស្លាប់គ្មានអ្វីគួរអោយខ្លាចទេ ចំនែកឯការរស់នៅគឺជា ឱកាសដើម្បើបានធ្វើនៅអ្វី ដែលយើងចង់ធ្វើ។ មានឆាកជីវិត មានភារកិច្ច មានទំនួលខុសត្រូវ មានក្តីសង្ឃឹម។ មុននឹងស្លាប់ទៅវិញ តើយើងបានធ្វើអ្វីខ្លះហើយ? សុផា ស្វាមីនាងមានគំនិតដូចគ្នា នឹងនាង ហើយគាត់នឹងរស់នៅក្នុងចិត្តរបស់នាង ផ្តល់កំលាំងចិត្តដល់នាងជានិច្ច។

សុបិនដ៏ច្បាស់ក្រឡែតទាំងនោះ ហាក់ដូចជាសំលាប់បិសាចក្នុងចិត្តរបស់គុន្ធា ហើយបានផ្តល់ជីវិតថ្មីមួយមកនាងវិញ។ ពេលភ្ញាក់ពីសុបិន​ អារម្មណ៏របស់គុន្ធា ស្រស់ថ្លា ហាក់មានប្រាជ្ញា អាចគិតយល់ពីអ្វីទាំងអស់នៅក្នុង លោកនេះ។

មិនយូរប៉ុន្មាន ចន្ធី នឹង មិត្តភក្តិ ប៉ុន្មាននាក់ទៀតក៏ចូលមកមើលនាង។ ពួកគេបានជូននាង ទៅទទួលបរិយាកាស ដ៏ស្រស់បំព្រងនៅសួនច្បារមន្ទីពេទ្យ ក៏ជាពេលដែលនាងបានឃើញ ទារកដ៏តូចដែលទើបនឹងកើត ដែលគេដាក់ហាលពន្លឺព្រះអាទិត្យ អោយមានសុខភាពល្អ និងឃើញលោកតាចាស់ម្នាក់ ដែលជាជីតារបស់ទារកនោះកំពុងតែសើចប្រលែងជាមួយនឹងគេ។ បន្ទាប់មកនាងសំលឹងមើលទៅផ្ទៃមេឃពេលព្រឹកដ៏ស្រស់ថ្លា និង ដ៏ធំធេង រួចពោលពាក្យអរគុណទៅមិត្តរបស់នាង ៖

អរគុណពួកឯងណាស់ដែលមិនបោះបង់ចោលខ្ញុំ។

កុំនិយាយអញ្ចឹងអី? ឯងគឺជាមិត្តសំលាញ់របស់ពួកយើង ។ កុំគិតផ្តេសផ្តាស់ទៀតណា! ពួកយើងពិតជាខ្លាចបាត់បង់រូបឯងណាស់។ ចន្ធិតប!

គុន្ធា ចាប់ដៃមិត្តទាំងអស់គ្នាព្រមទាំងស្រដី ៖

អោយគ្នាសុំទោស! ថ្ងៃនេះគ្នាគិតយល់ហើយ ។គ្នានឹងរស់នៅបន្តដោយក្តីសង្ឃឹម ! គ្នានឹងធ្វើខ្លួនអោយល្អ អោយព្រលឹងស្វាមិក្នាបានស្ងប់។ នៅមានកិច្ចការជាច្រើនណាស់ ដែលរងចាំអោយគ្នាធ្វើ ។ គ្នាមិនអាចអាត្មានិយម​ទុកកិច្ចការទាំងនោះ ចោលឡើយ៕ ពិភពលោកនេះនៅតែស្រស់ថ្លាជានិច្ច បើគ្នានៅតែញញឹមតើមែនទេ?

មិត្តភក្តិគ្រប់គ្នាក៏ញញឹមតាមនាង ហើយមានម្នាក់និយាយចំអន់អោយនាងថា ៖

ប៉ុន្តែ ថ្ងៃមុនឯងដូចជាអាត្មានិយមពេកហើយ! ឯងធ្វើឬកដាក់ពួកយើងអាក្រក់ណាស់!

ពួកគេក៏អស់សំណើចទាំងអស់គ្នា ហើយបន្តិចមក គុន្ធាក៏ប្រាប់អោយពួកគេទៅធ្វើការចុះ ព្រោះនាងអាចនៅម្នាក់ឯងបាន កុំអោយមិត្តខាតពេលធ្វើការដោយសារកំដរខ្លួន។

គុន្ធា អង្គុយលើរទេះរុញ មើលទៅវាលស្មៅ នឹងសំលឹងទៅសួនផ្ការីកស្កុះស្គាយ ហើយពេលនោះរទេះរុញដែលនាងកំពុងអង្គុយ ស្រាប់តែវិលកង់នាំនាងទៅដល់សួនផ្ការីកនោះ។ គុន្ធាមិនចំលែកចិត្តទេ ព្រោះនាងដឹងច្បាស់ថា អ្នកដែលកំពុងតែរុញនាងនោះ គឺគ្មានអ្នកណាក្រៅពី សុផាស្វាមីនាងឡើយ។

សុផាបេះផ្កាមួយទងជូនប្រពន្ធ ហើយគាត់ញញឹមសំលឹងកែវភ្នែកនាងទើបបន្លឺថា ៖

ពេលនេះបងអាចលាអូនទៅដោយស្ងប់ចិត្តហើយ។ ជីវិតមនុស្សប្រៀបដូចជាផ្កានេះអ៊ីចឹង។ ទោះជាមានផ្កាមួយស្រពោនជ្រុះដី ក៏មានផ្កាផ្សេងទៀតកំពុងតែក្រពុំ នឹងរីកបន្តដែរ។ មួយជីវិតនេះបងពេញចិត្តជាងគេ គឺបងស្គាល់អូន នឹងបានរៀបការជាមួយអូន។ ទោះបីទេវតាផ្តល់ពេលវេលាអោយយើងតិច ពិតមែនតែស្នេហាយើង នឹងស្ថិតជានិរន្តន៏។

ពន្លឺភ្នែកភ្លឺស្រទន់របស់គុន្ធា សម្លឹងមើលមុខប្តី រួចស្រដិថា ៖

សូមបងទៅចុះ អូននឹងបន្តសំរេចក្តីស្រមៃ របស់ពួកយើង។ ក្នុងជាតិនេះទោះបីយើងរស់នៅជាមួយគ្នា ក្នុងរយះពេលខ្លីមែន តែជាសុភមង្គលរបស់អូនអស់មួយជីវិត។

ព្រលឹងរបស់សុផា ក៏រសាត់អណ្តែតទៅតាមខ្យល់។ គាត់ឃ្លាតពីគុន្ធា ភរិយារបស់គាត់ តែឃ្លាតជាមួយស្នាមញញឹមផុសចេញពីដួងចិត្តដ៏ភ្លឺថ្លា ដូចពន្លឺព្រះអាទិត្យ។

និពន្ធចប់ ៥ សីហា ២០០៨

ដោយសុខចាន់ផល

ចំលងចូលទីនេះចប់ដោយ សុខុម ស្រី

ថ្ងៃទី ១៥ កើត ខែ ស្រាពណ៏ ជាថ្ងៃសីល ពេញបូរមី ត្រូវ នឹងថ្ងៃ ទី ២៣ សីហា ២០២១

One thought on “រឿងខ្លី គាត់មិនស្លាប់ទេ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s