នៅពេលដែលអ្នកចាញ់បោកអ្នកនិពន្ធរូបស្រស់សំរស់ទាក់ទាញកូនពីរ

ខ្ញុំជាមនុស្សសំបូរតែទុក្ខជាប់ខ្លួន សប្បាយតែខាងក្រៅ ពេលខ្លះក៏ធ្លាប់មានគំនិតខ្លីដែរ លោតទឹក តែ…..ខ្លាចលង់🤣🤣🤣 មានវិបត្តិតែអត់ដឹងប្រាប់អ្នកណា មិនដឹងមានអ្នកណាទុកចិត្តបាន រហូតដល់មានថ្ងៃមួយខ្ញុំបានស្គាល់អ្នកនិពន្ធដ៏អស្ចារ្យម្នាក់ ហើយរឿងដំបូងដែលខ្ញុំបានអានគឺ Captain ណ្តូលចិត្ត អានចប់ភ្លាម wow អស្ចារ្យ ហើយក៏តាមរកអ្នកនិពន្ធនិងក្រុមគាត់ឈ្មោះក៏ទាក់ទាញដែរផ្លិតដែក រកក្នុងហ្វេសប៊ុកនិងហ្គូហ្គល😂 រហូតដល់ថ្ងៃមួយគាត់ចេញរឿង Superstar បណ្តូលចិត្ត នឹង កញ្ច់ក់ឆ្លុះចិត្ត អូហូចាក់ដោតពិតៗពិសេសវគ្គក្រោយធ្វើអត្ថឃាត យំជោគអស់ក្រដាស់មួយដុំធំ😆 ចឹងតាំងពីអានសៀវភៅហ្នឹងទៅធ្វើអោយខ្ញុំដូរគំនិតពីមុនចេញ ចាប់ផ្តើមយកសៀវភៅ ជាមិត្តនឹង ស្គាល់មនុស្សថ្មី ថ្វីត្បិតទើបតែស្គាល់គ្នាតែមិននឹកស្មានថាដូចស្គាល់គ្នាយូរណាស់ចឹង តាមទិញសៀវភៅគាត់អោយបានមុនគេ រហូតដល់សៀវភៅខ្លះកក់តាំងពីគាត់ទើបចេញក្រប។ អរគុណបង លឹមសន្តិភាពដែលធ្វើអោយខ្ញុំបានផ្លាស់ប្តូរនិងក្រុមផ្លិតដែកផងដែរ អូក្រុមដែកកេះផង។ ជាចុងបញ្ចប់ខ្ញុំមានសំនួរក៏ដូចជាសំនូមពរ កាលណាបងឯងចេញសៀវភៅថ្មី???អ្នកនិពន្ធបណ្តូលចិត្ត🤣🤣🤣 ហើយរកក្រុម បញ្ឆេះ ឃើញនៅ????

Copy form Ratsitha Bun

#SP_books

#លឹមសន្តិភាព

#ផ្លិតដែក និង #ដែកកេះ

លឹម សន្តិភាព អ្នកនិពន្ធ

ជីវិតអ្នកមានសីល

មានសីលល្អល្អះស្គាល់ច្បាស់សិក្ខា បទបញ្ញាតិណាសាស្តាទូន្មាន គេចចេញចាកឆ្ងាយចិត្តកាយមិនហ៊ាន បំពារបំពានប៉ះពាល់ដល់សីល។

ព្រោះយល់ធម៍ពិតគំនិតបញ្ញា វៀរចាកបាណាហះការខូចខិល សម្លុតសម្លាប់គំរាម

ផ្តាច់ផ្តិល ផុតចាកមន្ទិលមេត្តាកើតមាន។

បញ្ឍប់តណ្ហាវៀរចាកកាមេ ប្រពន្ធកូនគេគួរកុំបំពាន ប្តីគេផងដែរស្រីកុំស្រេកឃ្លាន សន្តោសកើតមានគ្មានភ្លើងក្នុងផ្ទះ។

វៀរចាកវាចាមុសាកុហក បោកប្រាសឆឆក់ប្រកែកយកឈ្នះ លែងសេពសុរាប្រាជ្ញាតែងរះ ស្មារតីតេជះឈ្នះមានសត្រូវ។

ជីវិតមានសីលសែនស្រស់បំព្រង ញាតិមិត្តភូមិផងផ្អែមល្អែមស្តីហៅ ជីវិតមាននយ័តម្លៃសែនជ្រៅជាយានឈានទៅទីឋានឧត្តម។

ជីវិតលំបាក

ជីវិតគឺជាការហែលឆ្លងនូវទុក្ខលំបាកនានា

ជីវិតសព្វសត្វលំបាកក្រៃក្រាស់ ជីវិតគ្រាចាស់លំបាកញីញរ័

ជីវិតចាញ់កូនលំបាកថែគភ៍ ជីវិតអ្នកក្រលំបាកគ្រប់យ៉ាង។

ជីវិតនេសាទលំបាករកត្រី ជីវិតស្រីៗលំបាកស្អិតស្អាង ជិវិតអ្នកតូចលំបាកអួតអាង ជីវិតក្មេងកាងលំបាកត្រូវក្រម។

ជីវិតរៀនសូត្រលំបាកធម្មតា ជីវិតស្នេហាលំបាកថ្នាក់ថ្នម ជីវិតកីឡាលំបាកហាត់សម ជីវិតទុក្ខព្រមលំបាកគ្រប់សព្វ។

កម្មផលជីវិត

រស់លើផែនដីរាប់ថ្ងៃខែឆ្នាំ ជីវិតប្រេះស្រាំរង់ចាំថ្ងៃស្លាប់ រូបកាយគ្រាំគ្រាវេទនាឈឺស្រាប់ ដូច្នេះត្រូវប្រញាប់ឈោងចាប់ខ្លឹមសារ។

ជីវិតកើតមកជ្រកក្រោមផលបុណ្យ កម្មសាងពីមុនជាទុនផល្លា បើភ្លាត់ធ្វើបាបសាបឈ្មោះឥតការ​ គ្មានលោកព្រះណាយាត្រាប្រោសបាន។

សត្វមានផលកម្មប្រចាំជាប់ខ្លួ ទោះគេចបំពួនបំបាំងខ្លួនប្រាណ ចូលព្រៃឡើងមេឃជ្រែកទឹកសព្វឋាន កម្មខ្លាំងហួសស្មានចាប់បានតាមទាន់។

អ្នកសាងទុច្ចរិតប្រព្រឹត្តមិនល្អ ជួបគ្រោះវឹកវរវង្វេងវង្វាន់ រោគាជាប់កាយបាយហូបមិនគ្រាន់ ក្រហើយគេជាន់ដូចឈ្នាន់ជណ្តើរ។

រឺអ្នកធ្វើបុណ្យមានគុណល្អគាប់ មានមាសប្រាក់ទ្រព្យមានភព្វ័ប្រសើរ មានញាតិរាប់អានសន្តានមានក្លើ ជីវិតហោះហើររស់លើក្តីសុខ។

ជីវិតត្រូវរឹងមាំ

ជីវិតត្រូវរឹងមាំ បើពុំនោះទេអ្នកមិនអាចឆ្លងផុតបញ្ហានានាបានឡើយ។

ចូរក្រលេកមើលទៅកាន់ដើមឈើ ដែលផ្តល់ម្លប់ដ៏ត្រជាក់ ខ្លួនរបស់វាត្រូវនៅហាលភ្លៀងហាលខ្យល់។ យ៉ាងណាភាពរឹងមាំ ទាំងផ្លូវកាយ និងចិត្តគំនិត មិនត្រឹមតែអាចឃុំគ្រងខ្លួនយើងប៉ុណ្ណោះទេ ថែមទាំងសាយភាយដល់អ្នកដទៃផងដែរ។

ព្រៃភ្នំក្រំថ្មតស៊ូច្បាំង ទោះវស្សាប្រាំងក្តៅត្រជាក់ ផ្គរភ្លៀងរន្ទះអព្ទ័ខ្យល់ធ្លាក់ ទាញកួចទំលាក់រំលើងគល់។

តែព្រៃព្រឹក្សាមិនចុះចាញ់ រងគ្រោះប្រមាញ់មិនវិលវល់ អង់អាចអត់ខ្លាចឈរទប់ទល់ មិនចុះញ៉មខ្យល់កួចកន្ត្រាក់។

យ៉ាងណាជីវិតត្រូវខ្លាំង ទើបអាចស៊ូច្បាំងខ្មាំងឧបសគ្គ ដែលមកឈូឆរតបណ្តាក់

ឆ្លងផុតគ្រោះថ្នាក់ជាក់សុខសាន្ត។

ទុក្ខសោកជីវិត

ជីវិតគឺជាជំរំទុក្ខសោក វិបត្តិបក់បោកបំបាត់ក្តីសុខ ខកចិត្តឈឺចាប់បេះដូងផ្សាចុក ឆ្លងកាត់ភ្នំទុក្ខសមុទ្រទឹកភ្នែក។

នាវាត្រៃលោកសោយសោកសៅហ្មង ព្រាត់ញាតិប្អូនបងគួរអោយសង្វេគ អ្នកធ្លាប់ស្រឡាញ់វិនាសបាក់បែក បេះដូងរហែកបែកខ្ញែកជាពីរ។

ប្រួលប្រែកែផ្លាស់គ្មានម្ចាស់ជាធំ ជ្រៀតជ្រែកញែកខ្ញុំធ្វើបាបញាំញី ក្តីសុខស្រណុកព្រាត់ប្រាស់ចាកទី ជីវិតខ្ទេចខ្ទីខ្ទេចខ្ទាំឳរា។

ជួបមនុស្សក្បត់ចិត្តព្រោះដ្បិតនិស្សយ័ តើកម្មពារអ្វីគ្មានក្តីមេត្តា ចងភ្ជាប់រូបខ្ញុំនឹងភាពសោកា ចង់ស្រែកប្រាប់ថាខ្ញុំឈឺផ្សាណាស់។

ទុក្ខសោកជីវិតរឿងពិតប្រាកដ វដ្តះកំណត់ឥតមានក្រឡាស់ ទោះបីព្រះមានគ្មានសិទ្ធ

ប្តូរផ្លាស់ ព្រះពុទ្ធជាម្ចាស់ត្រាស់ទុក្ខសច្ចះ។

ជីវិតអ្នកផ្សារ

អោយតែជាការងាសុចរិត មិនបោកប្រាស់អ្នកដ៏ទៃ សុទ្ធតែមានតំលៃទាំងអស់។

ជីវិតអ្នកផ្សារឆ្ការដៃជើង រួសរាន់ព្រឹកឡើងទិញលក់ដូរ បន្លែគ្រឿងផ្សំគ្រប់ហែរហូរ មានភ្ញៀវចេញចូលគ្រប់វេលា។

លក់សព្វខោអាវគ្រឿងតុបតែង ឆ្នាំងចានកញ្ច្រែងសមស្លាបព្រា ក្រណាត់ត្បាញកីត្រីមាន់ទា ផ្លែមានពុទ្រាស្វាយក្រូចល្មុត។

ជីវិតអ្នកផ្សារគឺថាយ៉ាប់ នឿយហត់មិនប្រាប់មិនចេះពុត វិលមុខមិនរាពុះពារលុត ព្រោះអនាគតទើបត្រូវប្រឹង។

ជីវិតជាទុក្ខ

ជីវិតជាទុក្ខរុករានប្រចាំ អំណាចខ្សែកម្មចិញ្ច្រាំសត្វលោក ដេញតាមអោយផលផ្តល់ក្តីវិយោគ ទឹកភ្នែកស្រក់ជោគសោយសោកសៅហ្មង។

កើតចេញមកភ្លាមបៀមទុក្ខរួចស្រេច បម្រាសប្រកាច់ស្រែកយំគឹកកង​ នេត្រាស្រក់ហូរស្រោចស្រពអ្នកផង ខ្លោចផ្សាកន្លងក្រហាយពេញខ្លួន។

ដល់វឌ្ឍនាការសែហារហុកចិត ជរារួបរឹតសណ្ឌិតរុកកួន កម្លាំងថមថយស្បែកស្វិតជ្រីវជ្រួញ ឃើញកញ្ចក់ពួនខ្លាចខ្លួនឯងចាស់។

រួចហើយត្រូវឈឺជំងឺនានា ព្យាធិគ្រាំគ្រាវេទនាក្រៃក្រាស់ ឈឺក្បាលវិលមុខសម្រុកប្តូរផ្លាស់ ទៅទាំងវយ័ចាស់ក្មេងខ្លះស្លាប់មុន។

ឃើញហើយឬនៅត្រូវប្រមាថទេ ឬខំរិះរេគ្នាន់គ្នេរធ្វើបុណ្យ ផ្សងដល់និព្វានស្ពានឆ្លងទុក្ខធ្ងន់រួចចាកទារុនរែកពុនជីវិត។

សៀវភៅកំណាព្យជីវិត

ដោយគុណម្ចាស់ហេងម៉េងហ៊ុយ

ជីវិតតស៊ូ

ជីវិតគឺជាការតស៊ូ កុំដេកចាំថ្ងៃស្លាប់ ប្រយត្ត័ស្លាប់មុនថ្ងៃមកដល់។

ជីវិតកើតមកដៃទទេរ ខ្លះបំរើគេដោះដូរបាយ ប្រឹងមមាញឹកញើសបែកខ្ចាយ នឿយហត់ផ្លូវកាយផ្លូវចិន្តា។

រត់កង់ស៊ីក្លូម៉ូតូឡាន សំណង់សព្វឋានសាងម៉ៅការ ធ្វើផ្ទះសម្បែងជាងដែកផ្សា​ ព្រោះលុយដុល្លារហាបញ្ជា។

ជីវិតតស៊ូប្តូរបេ្តជ្ញា ខិតខំធ្វើការមិនរួញរា មិនដេកចាំស្លាប់ដល់វេលា គង់ប្រែធូរធារធំចម្រើន។

ដោយគុណម្ចាស់ហេងម៉េងហ៊ុយ

វត្តមហាមន្ត្រី កុដលេខ២៨

សៀវភៅកំណាព្យជីវិត

រឿងរ៉ាវជីវិត

ហាលភ្លៀងហាលក្តៅជារឿងអ្នកស្រែ ស្រែកយំរកម៉ែជារឿងកូនក្មេង អស់ទ្រព្យពីខ្លួនជារឿងងប់ល្បែង ទាស់ទែងបែកផ្សែងជារឿងកំហឹង។

ល្ងង់ខ្លៅអប្បប្រាជ្ញរឿងខ្លាចសាលាឡើងតុលាការរឿងរ៉ាវក្តីប្តឹង អត់មានទ្រព្យធនរឿងជនមិនប្រឹង ង៉កងរក្រោធខឹងរឿងហ្នឹងផ្លូវចិត្ត។

ហៅគ្នាអូនបងរឿងចងស្នេហា វាលវដ្តសង្សាររឿងគួរសម្អិត ខុសត្រូវឆ្គាំឆ្គងរឿងប៉ងប្រព្រឹត្ត កិលេសបាំងបិទរឿងចិត្តមិនស្អាត។

ទ្រុស្តនឹងធម៏អាថ៏រឿងការមិនយល់ ច្រលំខុសជ្រុលរឿងដែលប្រមាទបុណ្យល្អពេកកូវរឿងត្រូវសង្វាត ឬកខ្ពស់ហួសខ្នាតរឿងមានមានះ។

រស់រងទុក្ខធ្ងន់រឿងជនក្រក្រី វក់ល្បែងស្រាស្រីរឿងប្តីភ្លេចផ្ទះ ប្រទេចទះតប់រឿងចង់យកឈ្នះ លោកមានតេជះរឿងព្រះឈ្នះមារ។

ដកស្រង់ចេញពីសៀវភៅ កំណាព្យជីវិត

និពន្ធដោយ លោកម្ចាស់ ហេងម៉េងហ៊ុយ

គង់នៅវត្តមហាមន្រ្តី កុដលេខ ២៨