រឿងរ៉ាវជីវិត

ហាលភ្លៀងហាលក្តៅជារឿងអ្នកស្រែ ស្រែកយំរកម៉ែជារឿងកូនក្មេង អស់ទ្រព្យពីខ្លួនជារឿងងប់ល្បែង ទាស់ទែងបែកផ្សែងជារឿងកំហឹង។

ល្ងង់ខ្លៅអប្បប្រាជ្ញរឿងខ្លាចសាលាឡើងតុលាការរឿងរ៉ាវក្តីប្តឹង អត់មានទ្រព្យធនរឿងជនមិនប្រឹង ង៉កងរក្រោធខឹងរឿងហ្នឹងផ្លូវចិត្ត។

ហៅគ្នាអូនបងរឿងចងស្នេហា វាលវដ្តសង្សាររឿងគួរសម្អិត ខុសត្រូវឆ្គាំឆ្គងរឿងប៉ងប្រព្រឹត្ត កិលេសបាំងបិទរឿងចិត្តមិនស្អាត។

ទ្រុស្តនឹងធម៏អាថ៏រឿងការមិនយល់ ច្រលំខុសជ្រុលរឿងដែលប្រមាទបុណ្យល្អពេកកូវរឿងត្រូវសង្វាត ឬកខ្ពស់ហួសខ្នាតរឿងមានមានះ។

រស់រងទុក្ខធ្ងន់រឿងជនក្រក្រី វក់ល្បែងស្រាស្រីរឿងប្តីភ្លេចផ្ទះ ប្រទេចទះតប់រឿងចង់យកឈ្នះ លោកមានតេជះរឿងព្រះឈ្នះមារ។

ដកស្រង់ចេញពីសៀវភៅ កំណាព្យជីវិត

និពន្ធដោយ លោកម្ចាស់ ហេងម៉េងហ៊ុយ

គង់នៅវត្តមហាមន្រ្តី កុដលេខ ២៨

ជីវិតព្រះសង្ឃ

ជីវិតព្រះសង្ឃក្នុងពុទ្ធវិនយ័ គ្មានទេមុខរបរចិញ្ចឹមជីវិត គ្មានទេផ្ទះសម្បែងសម្រាប់ហួងហែងរក្សា គឺរស់ដោយសារការចិញ្ចឹមរបស់ពុទ្ធបរិសទ័។ ប្រសិនបើប្រព្រឹត្តសង្រួមកាយវាចាល្អ ក៏គេអោយបាយឆាន់ បើមិនល្អក៏ត្រូវគេតិះដៀល។ យ៉ាងណាបើបានជាបួសហើយ ត្រូវរៀន ​ត្រូវបដិបត្តិអោយបានល្អ។

ជីវិតព្រះសង្ឃអង្គសាវគ្គ លះគ្រឿងជំពាក់ទាញទាក់ចិត្ត ចាកចេញពីផ្ទះលាញាតិមិត្ត កម្ចាត់មោហ៏បិទបាំងប្រាជ្ញា។

បួសតាមព្រះពុទ្ធវិសុទ្ធថ្លៃ ដើរតាមព្រះស្រីនៃលោកា ខំរៀនទន្ទេញចាំធម៏អាថ៏ បដិបត្តិឧស្សាហ៏សាងមគ្គផង។

បើបួសមិនរៀនបួសធ្វើអ្វី បួសត្រាំនិស្សយ័ខ្ជិលមិនខ្វល់ មិនគិតសន្សំសេពកុសល បួសឆ្ងាយមគ្គផលដល់និព្វាន។

ចំលងចេញពីសៀវភៅ កំណាព្យជីវិត

និពន្ធដោយ លោកម្ចាស់ហេងម៉េងហ៊ុយ

វត្តមហាមន្ត្រី កុដិលេខ ២៨

ជីវិតសត្វលោក

ជីវិតសត្វលោកសោយសោកសង្រេង ក្តីទុក្ខរមែងតែងតោងជាប់តាម ទឹកភ្នែកស្រក់ជោកវិយោគរហាម បេះដូងជាប់ស្នាមដិតដាមឳរា។

សត្វមានផងកម្មប្រចាំជានិច្ច ទោះបីខំគេចប្រឹងធ្មេចនេត្រា ធ្វើហីមិនដឹងស្មឹងស្មាធ៏យ៉ាងណា អំណាចកម្មយាត្រាបន្លាច។

សត្វខ្លះមិនខ្វះបុណ្យពីបុព្វេ សុខកើនច្រើនទ្វេរស់មិនព្រួយខ្លាច មានទ្រព្យមានយសកេរ្ត៏ឈ្មោះបាចសាច តេជះអង់អាចអំណាចឬទ្ធី។

វីឡាធំៗបណ្តុំទ្រព្យធន ទំនើបរថយន្តចម្ការដីធ្លី មានគេរាប់អានសុខសាន្តមូលមីរ គ្មានអ្នកញុំាញីយាយីធ្វើបាប។

រីឯអ្នកខ្លះរស់ខ្វះទាល់ក្រ ខ្វាក់ខ្វិនថ្លង់គវីវរដុនដាប រស់រងតែទុក្ខមានក្លិនឆ្អេះឆ្អាប កម្មក្រាស់ឆក់ឆាបសូន្យសាបក្តីសុខ។

ចំលងចេញពីសៀវភៅ កំណាព្យជីវិត

និពន្ធដោយលោកម្ចាស់ ហេងម៉េងហ៊ុយ

វត្តមហាមន្ត្រី កុដិលេខ២៨

រឿងខ្លី គាត់មិនស្លាប់ទេ!

ទើបតែរៀបការថ្មីថ្មោង ប្តីក៏ត្រូវឃ្លាតទៅបំពេញបេសកម្មតាមខេត្ត។ ពាក្យថានឹករលឹក ដែលអ្នកទាំងពីរឆ្លងឆ្លើយគ្នាតាមទូរសព្ទ័ ពិតជាមិនអាចគ្រប់គ្រាន់ សំរាប់ស្នេហាមួយនេះឡើយ។ គ្រប់ដង្ហើមចេញចូលពួកគេបន់អោយឆាប់បានមករួមរស់ជុំគ្នានៅក្រុងភ្នំពេញវិញ។

យប់មួយនោះគឺជាយប់ដ៏សែនរីករាយ ព្រោះបុរសជាប្តីផុតភារកិច្ច និងកំពុងតែត្រលប់មកភ្នំពេញវិញ ជួបប្រពន្ធជាទីស្រឡាញ់។

” គុន្ធា ប្រពន្ធជាទីស្រឡាញ់របស់បង! ថ្ងៃស្អែកបងនិងបានញុំាម្ហូបដែលអូនចំអិនហើយ! ” គាត់និយាយទាំងសប្បាយចិត្ត។

” ល្មោភញុំាមែន! បានមកភ្នំពេញវិញ គិតតែរឿងញុាំទេ? ”

” តែបងនឹកអូន ! បងចង់ញុំាជាមួយអូន ”

សម្តីរបស់ស្វាមី ធ្វើអោយលេចចេញនៅស្នាមញញឹមដ៏កក់ក្តៅ ពីផ្ទៃមុខរបស់​ គុន្ធា ព្រោះប្រហែលជានាងនឹកស្វាមីនាង ជាងគាត់នឹកនាងទៀត។

ថ្ងៃដែលស្វាមីត្រលប់មកវិញ ជាថ្ងៃដែល គុន្ធា រងចាំដោយចិត្ត អន្ទះសា៕ នាងចំណាយពេលស្ទើរតែពេញមួយថ្ងៃសម្រាប់តែរៀបចំអារហារចាំទទួលប្តី ដែលនឹង មកដល់នាពេលមេឃងងឹត។ គ្រាន់តែព្រះអាទិត្យលិចតាមច្បាប់ធម្មជាតិសោះ ក៏នៅតែធ្វើអោយ គុន្ធា រំភើបរកថាមិនត្រូវ។

ពេលនោះផ្ទះទាំងមូលបំភ្លឺដោយពន្លឺភ្លើងទៀន ដែលនាងមានបំណងបង្កើតបរិយាកាសអោយកាន់តែផ្អែមល្ហែម តែពន្លឺដ៏ស្រស់ស្អាតនេះមិនយូរប៉ុន្មានក៏ប៉ះនឹងកំលាំង ខ្យល់បក់បោក។​ គ្រាដែលភ្លើងទៀនរលត់ គុន្ធាហាក់ស្លុតចិត្តពន់ពេក។ នាងដើរទៅរកដែកកេះអុជទៀនជាថ្មី ហើយស្រាប់តែមានអារម្មណ៏ថា ដូចជាមានមនុស្សម្នាក់ឈរនៅក្បែរនាង។

«បងសុផា!» នាងហៅឈ្មោះប្តី ព្រោះគិតថាគាត់បន្លំចូលផ្ទះ ធ្វើអោយនាងភ្ញាក់ផ្អើល ប៉ុន្តែមិនលឺ សំលេងប្តីតបសោះ។

«បងសុផា! ប្រាកដជាបងហើយ»

គុន្ធាមិនទាន់អុជទៀននុះទេ ព្រោះនាងចង់ដើររាវចាប់ប្តីនាងក្នុងភពងងឹត។ ភ្នែកនាងមើលមិនឃើញអ្វីឡើយ តែនាងមានអារម្មណ៏ថា ប្តីនាងកំពុងតែនៅជិតនាង។ នាងដើររកប្តីបណ្តើរនិយាយសើចបណ្តើរ​៖

«អូនចាប់បងឯងជាប់ឡូវហើយ!»

ប៉ុន្តែដោយមិនបានប៉ះខ្លួនប្តីគុន្ធានិយាយទាំងក្និកក្នក់ថា ៖

«ហត់ណាស់! បងកុំលេងទៀតមើល៏!» ពោលចប់ភ្លាមនាងស្រាប់តែជំពប់ជើង ហើយក៏បានប៉ះខ្លួនមនុស្សម្នាក់។

គុន្ធាស្រវាអោបដងខ្លួននោះយ៉ាងណែន ព្រោះស្គាល់ជាក់ជារូបរាងស្វាមីនាង។ ប៉ុន្តែរូបរាងនុះវិញមិនបាន និយាយអ្វីមករកនាងសោះ បែរជាលឺតែសំលេងខ្សឹកខ្សួលចេញពីដួងចិត្តទៅវិញ។

រំពេចនោះទូរសព្ទ័របស់ គុន្ធា ក៏រោរ៏សំលេងឡើងដោយជះពន្លឺអោយនាងបានឃើញមុខប្តីរបស់នាង ដែលប្រលាក់សុទ្ធតែឈាម។ ដូចជាក្តីស្រមៃ ព្រោះស្វាមីស្រាប់តែរលាយបាត់ពីកែវភ្នែក។ គុន្ធាតក់ស្លុតឡើងញរ័ខ្លួន ទទ្រើក។ ដួងចិត្តនាងសែនសង្វេគ ចង្វាក់ដង្ហើមសែនខ្សោយ ហើយដើរទៅទទួលទូរសព្ទ័។

«ជម្រាបសួរអ្នកស្រី! សូមអ្នកស្រីតាំងអារម្មណ៏អោយរឹងមាំ…..លោកសុផាមានគ្រោះថ្នាក់ចរាចរណ៏ ….. ឥឡូវគាត់ស្លាប់ហើយ!»

ទូរសព្ទ័ធ្លាក់ចុះពីដៃ សោតឯដងខ្លួននាងក៏ដួលរលំទៅលើឥដ្ធ សន្លប់បាត់ស្មារតី។

លុះដឹងខ្លួនឡើង គុន្ធា កំពុងតែគេងនៅលើគ្រែក្នុងផ្ទះដ៏ងងឹតសូន្យសុង។ នាងមានអារម្មណ៏ប្រៀបដូចជាភ្ញាក់ពីសុបិន រួចនាងក្រោកដើរទៅអង្គុយរងចាំផ្លូវប្តីបន្ត។ គុន្ធា ទន្ទេញជាប់នៅក្នុងចិត្តថា « អម្បាញ់មិញខ្ញុំយល់សប្តិអាក្រក់ម៉្លេះ ?» ប្តីខ្ញុំប្រាកដជាជិតត្រលប់មកដល់ផ្ទះហើយ។

ម៉ោង១២ រំលងអាធ្រាត្រទៅហើយ ម្ហូបអារហារទុកទទួល ស្វាមីឡើងត្រជាក់កក តែគុន្ធា គិតតែអង្គុយរងចាំដូចមនុស្សបាត់វិញ្ញាណ។ លុះមួយស្របក់មក នាងក៏ក្រោកទៅបើកភ្លើង ហើយនិយាយម្នាក់ឯង។

« ម៉េចក៏បងយូរម៉្លេះ ? ម្ហូបត្រជាក់អស់ហើយ កម្តៅអោយក្តៅសិនទម្រាំបងត្រលប់មកដល់បានពិសារ តែម្តង!»

ពេលលើកម្ហូបយកទៅកម្តៅ គុន្ធា ក៏ដើរជាន់ទូរសព្ទ៏នៅលើ ឥដ្ធ។ នាងនៅទ្រឹងមួយខណះ រួចក៏លែងចាប់អារម្មណ៏ ហើយប្រញាប់យកម្ហូបទៅចង្រ្កាន។ កម្តៅរួចរាល់ហើយ នាងក៏មកអង្គុយរងចាំប្តីនៅក្រោមពន្លឺភ្លើងទៀនម្តងទៀត។ នាងទន្ទេញរហូតថា

« បងជិតមកដល់ផ្ទះហើយ!»

ពេញមួយយប់គុន្ធាអង្គុយរងចាំប្តី ៖

លុះថ្ងៃរះថ្មី ទើបនាងប្រមូលចានម្ហូបយកទៅលាង ធ្វើដូចជាមិនមានរឿងអ្វីកើតឡើងទាំងអស់។ ដល់ថ្ងៃរះខ្ពស់បន្តិចក៏មានគេដឹកសពស្វាមីនាងមកដល់ផ្ទះ។​ ដឹងថាមានឡានចតមុខផ្ទះ គុន្ធាក៏ចេញមកមើល ហើយពេលបានឃើញសពស្វាមីនាង នាងស្រែកយំទួញសោករហូតបាត់ស្មារតី។

ពិធីបុណ្យរបស់សុផាក៏បានរៀបចំឡើង គុន្ធាមានកិរិយាធ្មឹងៗ បាយមិននឹក ទឹកមិនស្រេក ដេកមិនលក់រហូតដល់យប់នៃ បុណ្យសពប្រាំពីរថ្ងៃ ឃើញស្រីអង្គុយយំនៅលើគ្រែគេង ដោយនិយាយតែឯងថា ៖

« ក្រែងបងថាមកញុំាម្ហូបដែលខ្ញុំធ្វើអ្ហេះ?» ម៉េចក៏បងមិនមក? ទេបងមកហើយ ម៉េចក៏បងទៅវិញ? អូនម៉េចនឹងអាចរស់ដោយគ្មានបងទៅ? សូមបងត្រលប់មកវិញមក ប្តីសំឡាញ់! ឬ ក៏បងចង់អោយអូនសំលាប់ខ្លួនទៅតាមបង? បងសុផា! បងចាំអូនចុះ អូននឹងទៅតាមបង!

គុន្ធាបិទភ្នែកបង្ហូរទឹកភ្នែក ស្រាប់តែពេលបើកភ្នែកវិញ នាងក៏ឃើញ សុផា ស្វាមីនាង ឈរជ្រងោនៅចំពោះមុខនាង។

«បង! បងមកវិញហើយ! » នាងស្ទុះអោបប្តី ហើយនិយាយបណ្តើរ «បង! បងកុំទៅចោលអូនទៀត អូននឹកបងណាស់! »

ទឹកមុខរបស់នាងសើចសប្បាយ ទាំងទឹកភ្នែកស្រក់ហូរមិនឈប់។​ ប្តីនាងញញឹម អង្អែលក្បាលនាង។

ស្អែកឡើងគុន្ធាទៅផ្សារ ដោយមានទឹកមុខញញឹម ពព្រាយ ហើយចៃដន្យក៏មានមិត្តភក្រ័ម្នាក់ប្រទះឃើញ។ ចន្ធី ជាមិត្តជិតដិតរបស់គុន្ធា ហើយខណះឃើញមិត្តដើរញញឹមម្នាក់ឯង ក៏កើតក្តីចំលែកចិត្ត នាងដើរតាមក្រោយបន្តិច ក៏ស្រែកហៅ។​ គុន្ធា ងាកទាំងស្នាមញញឹមទៅរកនាង ក៏សួរថា

«ឯងទិញម្ហូបច្រើនណាស់នេះហ៏! »

«ចាស៎គ្នាធ្វើម្ហូបអោយ,,,! » គុន្ធាអាក់សំដីហើយបង្វែរសំនួរទៅសួរចន្ធីវិញ «ចុះឯងមកផ្សារតែម្នាក់ឯងទេ? »

ចន្ធីងក់ក្បាល រួចនិយាយដោយអារម្មណ៏សង្សយ័ ៖

«ថ្ងៃនេះឯងដូចជាកាត់ចិត្តពីប្តីឯងបាន ,,,, គ្នាសប្បាយចិត្តណាស់នៅពេលឃើញទឹកមុខរបស់ឯង អ៊ីចឹង។»

«គ្នាគិតយល់ហើយ! ទោះបីបងសុផាស្លាប់ តែគ្នាត្រូវរស់បន្តដោយសប្បាយចិត្ត។ អរគុណឯងហើយណា!» គុន្ធាតប។

ទោះយ៉ាងណាចន្ធី ហាក់នៅតែមិនអស់ចិត្តគិតសង្សយ័។ នាងខំរកនឹកថា តើមិត្តនាងទិញម្ហូបច្រើនយ៉ាងនេះយកទៅធ្វើអោយនរណាញុំា បើនាងរស់នៅតែម្នាក់ឯង? អ្វីដែលគួរអោយឆ្ងល់ទៀត គឺគុន្ធា ថ្ងៃនេះហាក់ដូចជាមនុស្សម្នាក់ផ្សេងទៀតខុសពីគុន្ធាកាលពីថ្ងៃម្សិលមិញ។ ចន្ធី ដឹងច្បាស់ថា មិត្តនាងស្រឡាញ់ ស្វាមីខ្លាំងលើសលប់។ បើថានាងមានស្នេហាថ្មីក៏មិនអាចទៅរួច។ ឆ្ងល់ពេកនាងក៏លបដើរតាមពីក្រោយ រហូតដល់ផ្ទះមិត្តនាង។

គុន្ធាដើរចូលទៅក្នុងផ្ទះយ៉ាងរួសរាន់ដោយនិយាយបណ្តើរផង ៖

«បងអ្ហា! អូនទិញរបស់មកច្រើនណាស់។ បងចង់ញុំាអី? »

សុផាដើរមកទទួលប្រពន្ធទាំងនិយាយ ៖

«អូនមិនបាច់នឿយហត់យ៉ាងនេះទេ! » រួចគាត់ថើបប្រពន្ធជាទីស្រឡាញ់ ទើបបណ្តើរគ្នាទៅកាន់ផ្ទះបាយ។

គុន្ធាដាក់ដាំបាយ ហើយចិត្តបន្លែ ព្រមទាំងនិយាយផ្អែមល្ហែមជាមួយស្វាមី ប៉ុន្តែចំពោះ ចន្ធី ដែលបានដើរតាមមើលមិត្ត ជាយូរមកហើយនោះ នាងមិនបានមើលឃើញសុផា ឡើយ ឃើញតែគុន្ធា និយាយម្នាក់ឯងដូចមនុស្សវិកលចរិត។

មុនដំបូងនាងភយ័ណាស់ បន្ទាប់មកក៏បារម្ភចំពោះមិត្តរបស់នាងយ៉ាងខ្លាំង។ នាងដើរចូលទៅរកមិត្តសួរថា ៖

«គុន្ធាឯងកំពុងនិយាយជាមួយអ្នកណា? »

គុន្ធា ងាកមករកចន្ធី ទាំងរន្ធត់នឹងសំលេងមិត្ត ហើយរំពេចនោះនាងងាកមើលទៅប្តីវិញ ក៏បាត់គាត់ឈឹង។ ចន្ធីដើរ ទៅរកគុន្ធា តែមិត្តនាងធ្វើមុខក្រញ៉ុវ មិនព្រមឆ្លើយតបនឹងនាងសោះ។

«ប្រាប់ខ្ញុំបានទេ តើឯងកំពុងធ្វើអីហ្នឹង? » ចន្ធីសួរម្តងទៀត

គុន្ធាឆ្លើយទាំងខឹងសម្បាថា ៖

«ខ្ញុំកំពុងធ្វើម្ហូបឯងមិនឃើញទេអេះ? » ចុះតើឯងមកផ្ទះខ្ញុំធ្វើអី?

តែអំបាញ់មិញខ្ញុំលឺឯងនិយាយ តើឯងនិយាយជាមួយនរណា? គន្ធីសួរ?

ខ្ញុំនិយាយម្នាក់ឯងមិនបានទេអ្ហ? ឬក៏គិតថាខ្ញុំឆ្កួត? គុន្ធាឆ្លើយ!

ឃើញមិត្តមួម៉ៅយ៉ាងនេះ ចន្ធី រឹតតែបារម្ភ។

តើឯងនិយាយជាមួយប្តីឯងមែនទេ? តើឯងបានឃើញព្រលឹងប្តីរបស់ឯងមែនទេ? ​ចន្ធីសួរ

មែន!ឯងគិតថាខ្ញុំឆ្កួតត្រូវទេ? តែខ្ញុំចង់ប្រាប់ឯងថា ប្តីខ្ញុំពិតជាត្រលប់មករស់នៅជាមួយខ្ញុំវិញមែន។​ឯងអស់ចិត្តនៅ? បើកុំតែពួកឯងមករំរខានពួកយើង ប្តីខ្ញុំក៏មិនបាត់ខ្លួនដែរ។ ឯងល្មមចេញទៅវិញហើយតើបានទេ?

គុន្ធា!!!!

ចន្ធី សែនបារម្ភពី គុន្ធា តែនាងត្រូវគុន្ធារុញច្រានចេញពីផ្ទះ ហើយត្រលប់ទៅវិញទាំងមិនអស់ចិត្ត។

មិត្តចេញទៅបាត់ គុន្ធា គិតតែពីស្រែករកប្តីនាង អោយត្រលប់មកវិញ។

«បង! បងមកវិញមក៍! បងនៅឯណា? » នាងស្រែកហៅប្តីខ្លាំងៗ។

នាងហៅយូរណាស់ តែមិនឃើញព្រលឹងប្តីនាងចេញមកសោះ រួចនាងក៏អង្គុយយំ ដោយនិយាយពាក្យដូចកាលពីយប់មិញទៀត ៖

«បើបងមិនព្រមចេញមកទេចាំអូនទៅតាមបង! »

ថាហើយនាងប្រុងយកកាំបិតចាក់សំលាប់ខ្លួន ធ្វើអោយព្រលឹងប្តីនាងបង្ហាញខ្លួនមកវិញ។

«អូនកុំធ្វើបែបនេះ! » សំលេងប្តីនាង។

គុន្ធាដាក់កាំបិតចុះ ស្ទុះទៅរកប្តី។

តើអោយអូនរស់ធ្វើអីបើគ្មានរូបបងនោះ?គុន្ធាតបប្តី

សុផា ធ្វើមុខស្រពោន បន្លឺទៅរកប្រពន្ធ ៖

គុន្ធា សូមអូនកុំយកការស្លាប់​ មកគំរាមបងបែបនេះ?

ពួកយើងឥឡូវពិតជានៅស្ថានខុសគ្នាហើយ។ អូនត្រូវតាំងចិត្តក្លាហាន រស់តទៅទៀតដោយគ្មានបង។

គុន្ធាប្រកែកភ្លាម ៖

រស់នៅគ្មានបង អូនសុខចិត្តស្លាប់វិញ។ បើពួកយើងរស់នៅស្ថានខុសគ្នា អូននឹងស្លាប់ទៅរស់នៅស្ថានជាមួយបង។

សុផាខ្លោចចិត្តអាណិតប្រពន្ធ តែគាត់នៅតែពន្យល់នាង ៖

អូនមិនអាចធ្វើបែបនឹងបានទេ។ អូនធ្វើអោយបងនៅមិនស្ងប់ហើយ !មានជីវិតគឺមានឱកាស ដើម្បីអោយបានធ្វើនៅអ្វីដែលយើងចង់ធ្វើ។ ការស្លាប់ជារឿងធម្មតាទេ !

មិនធម្មតាទេបើម្នាក់ស្លាប់ ម្នាក់រស់នោះ! បងមិនយល់ពីអារម្មណ៏អូនទេ មែនទេ? ពេលបងស្លាប់ ជីវិតអូនគឺ ស្លាប់ទាំងរស់ ….. តើអោយអូនរស់នៅធ្វើអីទៀត? បងឆ្លើយប្រាប់អូនទៅមើល!

ទឹកភ្នែកជាច្រើនតំណក់ស្រោចផ្ទៃមុខភរិយា បណ្តាលអោយសុផា ក្តុកក្តួលហួសថ្លែង​ គាត់និយាយលែងចេញ ក៏អោបប្រពន្ធអោយនាងបានស្ងប់ចិត្ត។

រំលងបានមួយថ្ងៃ ដោយក្តីបារម្ភ ចន្ធី បានបបួលមិត្តភក្រ័ ស្និតស្នាលបីនាក់ទៀតទៅលេងផ្ទះគុន្ធា ប៉ុន្តែ ពួកនាងមិនបានទទួលការស្វាគមន៏ឡើយ។ គុន្ធា បើកទ្វារអោយមិត្តចូលផ្ទះមែន តែនាងសំដែងទឹកមុខធុញទ្រាន់ជាទិបំផុត។

​មិត្តរបស់នាងម្នាក់និយាយថា ៖

គុន្ធា ហ្អា! ពួកយើងចង់នាំឯងទៅទេសចរណ៏​ ក្រែងអាចធ្វើអោយឯងធូរស្បើយចិត្តខ្លះ។​ ឯងគិតយ៉ាងម៉េចដែរ?

គុន្ធា តប់ទៅមិត្តវិញដោយសម្តីសោះកក្រោះ ៖

អរគុណពួកឯងហើយគ្នាអាចរស់នៅតែម្នាក់ឯង មិនបាច់អោយពួកឯងឆ្អឺឆ្អាលពេលទេ។

មិត្តរបស់នាងម្នាក់ទៀតក៏បន្លឺថា ៖

ពួកយើងជាមិត្តរបស់ឯងណា ម៉េចក៏ឯងនិយាយអ៊ីចឹង?

គុន្ធាតបដោយធុញទ្រាន់

ខ្ញុំដឹងហើយ! ខ្ញុំមិនបានចាត់ទុកពួកឯងជាសត្រូវទេ។ ពួកឯងកំពុងគិតថា ខ្ញុំសរសៃរប្រាសាទតើមែនទេ? ខ្ញុំគ្មានបញ្ហាអីទេ! ខ្ញុំចង់រស់នៅជាមួយព្រលឹងប្តីខ្ញុំ ។​ អាណិតសូមឯងទៅវិញទៅ ខ្ញុំគ្មានអារម្មណ៏ទទួលភ្ញៀវទេ ។

ចន្ធី ក្រវីក្បាលហើយពោលពាក្យទាំងខឹង ៖

ឯងថាព្រលឹងប្តីឯងនៅក្នុងផ្ទះនេះមែនទេ? បាន! ម៉េចក៏ឯងមិនហៅគាត់អោយយើងបានឃើញផង? បើបានឃើញគាត់ពួកខ្ញុំ នឹងអស់ចិត្ត ហើយត្រលប់ទៅផ្ទះវិញភ្លាម។

ឮបែបនេះមិត្តម្នាក់ដែលខ្លាចខ្មោច ក៏ភយ័ដែរ តែគុន្ធាដកដង្ហើម និយាយទាំងធុញថប់ថា ៖

បងសុផា មិនអាចចេញមកជួបពួកឯងបានទេ!

ចន្ធី តបភ្លាមថា ៖

គាត់ម៉េចនឹងអាចចេញមកបាន បើគ្មានព្រលឹងគាត់មែនទែនផងនោះ? តាមពិតឯងកំពុងតែស្រមើរស្រម៉ៃម្នាក់ឯងប្រឌិតរឿងម្នាក់ឯង …. បើទោះបីលើលោកនេះពិតជាព្រលឹងវិញ្ញានមែន ឯងធ្វើបែបនេះប្រាកដជាធ្វើអោយព្រលឹងប្តីឯងវិលវល់មិនអាចទៅរកសុគតិភពបានទៅវិញទេ។

ផ្តេសផ្តាស! ប្តីខ្ញុំស្រឡាញ់ខ្ញុំ គាត់មិនចង់ឃ្លាតពីខ្ញុំទេ។​ ខ្ញុំមិនមែនប្រឌិតរឿងឆ្កួតនោះទេ គឺព្រលឹងប្តីខ្ញុំមិនដាច់ចិត្តពីខ្ញុំ គាត់ត្រលប់មករស់នៅជាមួយខ្ញុំ។ ពួកឯងយល់ទេ? ពួកឯងនាំគ្នាចេញទៅ ! ខ្ញុំធុញនឹងពួកឯងណាស់! ឆាប់ចេញទៅខ្ញុំសុំអង្វរ!

ឮ គុន្ធាពោលពាក្យបណ្តេញខ្លួនបែបនេះ ម្នាក់ៗក៏ទាល់តំរិះ ហើយដើរចេញពីផ្ទះនាងទាំងរារែក ។ ពួកនាងគិតថា នាងមានជម្ងឺស្រមើស្រមៃ ។ នាងកំពុងបង្កើត ពិភពផ្សេងមួយ រស់នៅជាមួយប្តីនាង តាមអ្វីដែលនាងចង់បាន។ នេះគឺប្រៀបដូចជាមនុស្សឆ្កួត អាចគ្រោះថ្នាក់បានគ្រប់ពេលវេលា។

ចន្ធីនិយាយដោយទឹកមុខព្រួយបារម្ភ ៖ គុន្ធាប្រហែលជាមិនព្រមអោយយើង នាំនាងអោយពេទ្រពិនិត្យទេ​ប៉ុន្តែយើងក៏មិនអាចទុកនាងចោលមិនរវីរវល់ដែរ។

ក្នុងចំនោម៤នាក់ មានតែម្នាក់ប៉ុណ្ណោះ ដែលហាក់ជឿ​ថាវិញ្ញាណ សុផា ប្រហែលជាត្រលប់មករកគុន្ធាមែន។

បើពិតដូចគុន្ធានិយាយ ព្រលឹងប្តីនាងអាចនឹងក្លាយជាខ្មោចលងគេឯងទេហ្ន៎! មនុស្សនឹងខ្មោចម៉េចអាចរស់នៅជាមួយគ្នាបានទៅ។​

វាមិនអាចមានរឿងបែបនេះ មកកើតនៅកណ្តាលក្រុងអ៊ីចឹងទេ! បើនិយាយថា នៅឯស្រុកស្រែដាច់ស្រយាលប្រហែលជាខ្ញុំជឿខ្លះ។

ប៉ុន្តែបើមិនជឿ កុំប្រមាថ! ខ្ញុំគិតថា ឬក៏យើងទៅអញ្ជើញអាចារ្យ ឬព្រះសង្ឃ អោយជួយមើលផ្ទះគុន្ធាល្អទេ?

ឯងស្មានថាគុន្ធា ព្រមអោយព្រះសង្ឃ ឬ អាចារ្យចូលផ្ទះហ្ន៎! នាងមុខតែបណ្តេញចេញ ដូចបណ្តេញពួកយើងឥឡូវហើយ។

ការបារម្ភពីមិត្ត ហាក់ដូចជានៅតិចជាងទំហំស្នេហារបស់គុន្ធាចំពោះ ស្វាមី។ នាងស្រែកហៅ រហូតបានឃើញប្តីនាងនៅក្បែរ ប៉ុន្តែទឹកមុខប្រែកាន់តែអស់សង្ឃឹមចំពោះភរិយា។

វិញ្ញាណប្តីស្តីអោយប្រពន្ធថា ៖

ហេតុអ្វីអូនអាចធ្វើចារិតបែបនេះ ជាមួយមិត្តភក្រ័អូនបាន? ទោះយ៉ាងណាពួកគេជាមិត្តល្អរបស់់អូន។ ពួកគេបារម្ភពីអូន ទើបពួកគេមកមើលអូន។ ហេតុអ្វីអូនបណ្តេញពួកគេអោយទៅវិញបែបនេះ?

គុន្ធាសំលឹងទឹកមុខប្តី ហាក់នឹកស្តាយកំហុស។ នាងបន្លឺ ៖

អូន អូន សុំទោស …!

មិនមែនសុំទោសបងទេ គឺសុំទោសមិត្តភក្តិរបស់អូន!……

ចាស៎ ពេលជួបពួកគេ អូននឹងសុំទោស បងកុំខឹង នឹងអូន!

តែពេលនេះបងខឹងនឹងអូនហើយ …… គុន្ធាលើលោកនេះក្រៅពីបង អូននៅមានកិច្ចការជាច្រើនត្រូវធ្វើទៀត។ អូនមិនអាចឈប់ខ្វល់អ្វីទាំងអស់បានឡើយ។ អូនត្រូវទៅធ្វើការ ត្រូវមានមិត្តភក្តិ ត្រូវទៅលេងសាច់ញាតិ….. បងស្លាប់ហើយ! បងមិនអាចរស់នៅក្បែរអូនទៀតទេ ។

គុន្ធាស្តាប់សំដីប្តីទាំងអង្គុយស្ងៀមធ្មឹង! សុផាមើលមុខប្រពន្ធដោយក្តីអាណិត ប៉ុន្តែគេត្រូវជម្នះនិយាយអោយនាង​ភ្ញាក់ខ្លួន។

ពេលនេះជាពេលចុងក្រោយ ដែលបងបង្ហាញខ្លួនអោយអូនឃើញបង! សំឡេង សុផា។

ទេ! មិនអាចទេ ! បងមិនអាចទុកអូនចោលបែបនេះទេ! គុន្ធាបន្លឺទាំងស្រវាអោបប្តីមិនអោយរបូត!

សុផា ចាប់អង្រួនស្មាទាំងសងខាងរបស់នាង ៖

អូនកុំធ្វើបែបនេះបានទេ? យើងរស់នៅក្នុងភពផ្សេងគ្នាហើយ ។ បងត្រូវទៅរស់នៅក្នុងភពថ្មីរបស់បង តែអូនត្រូវរស់នៅជាមនុស្សបន្តទៀត។ អូនត្រូវទទួល ខុសត្រូវចំពោះជិវិតអូនបន្តទៀត ស្តាប់បានទេ។

ទេអូនមិនចង់ទទួលខុសត្រូវជិវិតស្អីទេ ! អូនចង់ស្លាប់អោយចប់ទៅ អូននឹងទៅរស់នៅជាមួយបង!

គុន្ធាអូនកុំមានះបែបនេះ វាគ្មានប្រយោជន៏ទេ ! ពួកយើងត្រូវតែ ព្រមទទួលស្គាល់ការពិតនេះជាមួយគ្នា។ អូនដឹងទេបងគ្រាន់តែទៅមុនអូនប៉ុណ្ណោះ។ តែអូនត្រូវនៅសិន ដើម្បីធ្វើរឿងជាច្រើន ដែលអូនចង់ធ្វើ។ អូនភ្លេចហើយមែនទេ? ពួកយើងមានក្តីស្រមៃរួមគ្នាច្រើនណាស់ ហើយវាមិនទាន់ក្លាយជាការពិតទេ។ ឥឡូវបងលេងជាមនុស្ស បងលែងអាចសំរេចក្តីស្រមៃ របស់ពួកយើងបានហើយ គឺមានតែអូនប៉ុណ្ណោះ! បើអូនស្រឡាញ់បង តើអូនអាចជួយសំរេចក្តីស្រមៃ របស់ពួកយើងបានទេ? ធ្វើជំនួសបងដើម្បីអោយបងបានសប្បាយចិត្ត

គុន្ធាគិតតែពីក្រវីក្បាល នឹង បង្ហូរទឹកភ្នែកដាក់ប្តី ៖

ទេ! អូនមិនអាចធ្វើអ្វីតែម្នាក់ឯងបានទេ បើគ្មានបង ហេតុអ្វី បងទុកកិច្ចការជាច្រើនអោយអូនធ្វើតែម្នាក់ឯង?

បងសុំទោស!

គុន្ធា ក៏ស្រែកយំខ្លាំងៗ

ទេ! ទេ! ពេលនេះគឺបងនៅចំពោះមុខអូនហើយ ហេតុអ្វីបងសំរេចចិត្តរស់នៅជាមួយអូនមិនបាន?

ទឹកមុខសុផា សែនជូរចត់ នឹកអាសូរភរិយា តែពេលវេលាមិនទុកអោយគាត់នៅបង្ហាញខ្លួនបន្តទៀតឡើយ ហើយគាត់ក៏រលាយបាត់ពីមុខនាងនាពេលនោះទៅ។

ព្រលប់មកដល់ មេឃយល់ពណ៏ស្រអាប់ ធម្មជាតិស្ងប់ស្ងាត់ ហាក់ចង់ប្រាប់អ្វីម្យ៉ាងដល់ចន្ធី និងធ្វើអោយនឹកឃើញព្រួយនឹកដល់មិត្តអភព្វ័របស់ខ្លួន។ នាងចេះតែកើតអារម្មណ៏ភយ័ៗ ខ្លាចគុន្ធាមានរឿងអីកើតឡើង ហើយដោយមិនដាច់ចិត្តនាងក៏ទៅរកមិត្ត។

ចន្ធីគោះទ្វារតែមិនលឺសំលេងឆ្លើយ ទើបនាងរុញទ្វារដើរចូលទៅក្នុងផ្ទះ ដែលមានសភាពស្ងាត់ជ្រងំ។

គុន្ធា ! គុន្ធា ! តើឯងនៅឯណា?

ហៅបណ្តើរ នាងក្រលេកមើលទៅរូបថត សុផា ភ្ជួរជាប់ជញ្ជាំង ដែលប្រកបដោយខ្សែភ្នែកហាក់ចង់ និយាយអ្វីមករកនាង។ ចន្ធី មិនខ្លាចខ្មោចទេ តែនាងហាក់ទទួលអារម្មណ៏ចំលែកពីរូបថតនោះ។

គុន្ធា! ម៉េចមិនលឺឯងឆ្លើយ?

ចន្ធី ស្រែកហៅ គុន្ធា ខ្លាំងៗ រួចក៏សំរេចចិត្តដើរចូលទៅបន្ទប់គេង គុន្ធា ។ ឱ! ពុទ្ធោ! អើយគុន្ធា ដេកស្តូកស្តឹង ទាំងមានឈាមនៅលើកដៃ នៅលើគ្រែគេង។ បន្ទប់គេងដែលតុបតែងថ្មីៗ ហេតុអ្វីក៏កើតរឿងអកុសល បែបនេះ? នេះព្រោះស្រីទ្រាំនឹងភាពឈឺចាប់នៃការព្រាត់ប្រាស់មិនបាន ក៏យកកូនកាំបិតកាត់សរសៃសម្លាប់ខ្លួន។

ចន្ធី ស្លន់ស្លោ ស្ទើរតែគិតអ្វីមិនឃើញ ប៉ុន្តែដឹងថាមិត្តនៅមានដង្ហើម ក៏ភ្ញាក់ខ្លួនយកទូរសព្ទ៍ចុចហៅឡានពេទ្យ។

ជីវិតមិនអស់មិនស្លាប់ នៅចន្លោះទ្វារមរណះនេះ គុន្ធា បានជួបនឹងសុបិនដ៏វៃងឆ្ងាយ រឿងរ៉ាវទាំងឡាយដែលនាងធ្លាប់បានធ្វើ ទង្វើនានាដែលដក់ជាប់នៅក្នុងចិត្ត គំនិតផ្សេងៗ ដែលធ្លាប់កត់ទុកនៅក្នុងគំនរសង្ខា … ឱ! វដ្តសង្សារ …. សុផា នឹង គុន្ធា មិនដឹងជាធ្លាប់កើតស្លាប់ប៉ុន្មានដងទៅហើយ ម៉េចឡើយនាងទទួលយកច្បាប់ធម្មជាតិនេះមិនបានទៀត។ នាងបានយំខ្សឹកខ្សួលនៅក្នុងសុបិន តែនាងក៏បានសើចញញឹមផងដែរ នៅពេលបានយល់ពីអត្ថនយ័ពិតពីជីវិតមនុស្ស។

ការស្លាប់គ្មានអ្វីគួរអោយខ្លាចទេ ចំនែកឯការរស់នៅគឺជា ឱកាស

បើកទំពរ័ជីវិត

តោះបើកទំពរ័ជីវិត​ រៀបរាប់លំអិតកត់ចំណាំ តែងកាព្យចុងចួនរាប់ខែឆ្នាំ គ្រាន់ចង់ផ្តែផ្តាំក្រើនរំលឹក។

ចាប់កាន់សៀវភៅប៊ិកនៅដៃគូសមិនសំចៃតាមចិត្តនឹក ចាប់ពីថ្ងៃរះនាពេលព្រឹកសរសេរដល់ភ្លឹកភ្លេចយប់ជ្រៅ។

ថ្ងៃអារម្មណ៏ល្អក៏ស្វាហាប់ ឃ្លោងឃ្លាចំណាប់ចាប់ឆាប់ត្រូវ តែបើថ្ងៃស្ត្រេសចិត្តម៉ួម៉ៅ កវីដៃឆៅតែងមិនចេញ។

ឃ្លោងឃ្លាកំណាព្យឆាបបេះដូង ឆក់ថ្លើមពីទ្រូងអោយ ស្រឡាញ់ មានតែសរសេរមិនកំណាញ់ ឃើញអ្វីល្អឆ្ងាញ់ប្រាប់តាមពិត។

តែបើសរសេរគ្មានវិចារណា រឿងខុសម្តេចម្តា­ឥតខ្វល់គិតប្រជាភិថុតិបែបងងឹត កវីគ្មានចិត្តគិតភាវនា។

ប្រាជ្ញាតិចតួចដ៏ស្តួចស្តើង មិនហ៊ានតម្កើងឡើងឬកពា តាំងខ្លួនចេះដឹងសព្វវិជ្ជា ចាំសាស្ត្រនានាគ្រប់ជ្រុងជ្រោយ។

តែបើអត់ខ្វល់អំពល់សោះ ចំណេះទាំងអស់បន្សល់អោយ ពេលវេលាទៅមុខតថ្ងៃក្រោយធ្វើហីបណ្តោយគង់ភ្លេចបាត់​។

ដូច្នេះទើបផ្តើមនិពន្ធក្រង ក្រសោបអោបចងអមដោយអត្ថ ថ្លែងពីជីវិតនៃសព្វសត្វរស់ក្នុងវិបត្តិនៃត្រៃភព។

តាំងពីជីវិតចាប់កំណើត ពេញរូបល្អឆើតលក្ខណះគ្រប់ ដល់ចាស់ជរារោគចូលស៊ប់ ស្លាប់ចាកពីភពផែនដីនេះ។

មានទាំងជីវិតអ្នកធ្វើការ ជីវិតសិក្សាស្នេហាប្រេះ ជីវតក្មេងពាលរឺអ្នកចេះ ជីវិតចាក់ស្រេះទុក្ខសច្ចះ។

ចប់ពីកំណាព្យជីវិតទៅ បើកទំពរ័ជ្រៅបកិណ្ណកះ កំណាព្យរាយរងរៀបតែងដាក់

បោះចូលទំលាក់តាមអត្ថនយ័ ។

កំណាព្យនានាអានចប់ហើយ យើងហួសដល់ត្រើយកំណាព្យខ្លី កាត់ៗខ្លីខ្លឹមក្លែម

សេចក្តី ជូនញោមប្រុស ស្រីអានស្រួលចាំ។

ចប់អស់សៀវភភត្រឹមប៉ុណ្ណឹង ចូរកុំសម្លឹងប្រឹងបំណាំ ឃ្លាឃ្លោងប្រយោគដែលសាំញុំា កុំបីចំណាំទុកចាំឌឺ។

ដោយចង់ជំរុញកំណើនអាន អោយជនគ្រប់ប្រាណបានពន្លឺ ព្រោះរោគល្ងង់ខ្លៅជាជំងឺ ដែលគួរត្រូវព្រឺខ្លាចរអា។

ខ្ញុំអាត្មាភាពហេងម៉េងហ៊ុយ ចំណេះចាប់ខុយខុសតម្រា តែងតាមអារម្មណ៏ផ្សំចិន្តា ឆ្គាំឆ្គងត្រង់ណាមេត្តាផង។

សូមអ្នកស្នេហាការតាក់តែង កុំខ្ពើមរអែងពីក្រោយខ្នង ខ្ញុំទុកដូចគ្រូកវីច្បង កែកំហុសឆ្គងអោយយោបល់។

ពីរបីទំពរ័នៅក្រោយគេ ខ្ញុំទុកទំនេរបន្សល់ រិះគន់កែខៃណែនាំផ្តល់ តាំងចិត្តខ្វាយខ្វល់ស្ថាបនា។ ឥឡូវដឹងហើយពីសៀវភៅ ដែលកាន់ជាប់នៅលើហត្ថា ដៃដ៏ស្រទន់គួរស្នេហា ស្រូតអានទៅណាទើបបានយល់។

ចំលងចេញពីសៀវភៅ កំណាព្យជីវិត

និពន្ធដោយលោកម្ចាស់ហេងម៉េងហ៊ុយ

វត្តមហាមន្ត្រី កុដិលេខ២៨

អ្នកសាងសមត្ថភាពដោយខ្លួនឯង

អ្នកសាងសមត្ថភាពដោយខ្លួនឯង
ក្នុងការពិចារណាដ៏ប្រសើរដោយត្រូវតម្កល់ស្មារតីទៅលើពុទ្ធភាសិត ៤ យ៉ាងនេះគឺ៖
១ – រឭករឿយៗថា ការបានកំណើតជាមនុស្ស ជាបរមលាភរបស់មនុស្សលោកហើយ ព្រោះកំណើតមនុស្សជាកំណើតគួរដល់កិច្ចការទាំងអស់ ជាកំណើតដែលគេអាចកែច្នៃបាន ប្រសិនណាបើគេខំប្រឹងធ្វើការ ដោយមនុស្សចុះចាញ់អំណាចធម្ម ជាតិ។
២ – រឭករឿយៗថា ជីវិតមនុស្សរស់នៅដោយក្រ រស់នៅដោយលំបាក ព្រោះការរស់នៅរបស់ មនុស្សវាទាក់ទងដោសម្ភារៈ (អាហារ)។ ជាងនេះទៅទៀត ជីវិតមនុស្សកំណត់មិនបានដោយពេល វាជាធម្មជាតិមានសេចក្តីព្រួយច្រើន។ វាជាធម្មជាតិឆាប់សឹករិចផង វាជាធម្មជាតិប្រកប
ដោយគ្រោះថ្នាក់និងជម្ងឺ ច្រើនអនេកផង។
៣ – រឭករឿយៗថា សម្តីពីរោះ ដែលពាក្យពុទ្ធសាសនាហៅថា “សម្តីសប្បុរស” នោះស្ទើរតែមិន មានក្នុងសង្គមប្រជាជន តែចំណែកខាងសម្តីអាក្រក់វិញ “សម្តីអសប្បុរស” គេរមែងបានឮគ្រប់នាទីទាំងអស់។
៤ – រឭករឿយៗថា អ្នកប្រាជ្ញខាងសីលធម៌ ខាងទស្សនវិជ្ជា ទោះជាអង្គព្រះសព្វញ្ញូពុទ្ធក្តី ព្រះបច្ចេកពុទ្ធក្តី សាវ័កពុទ្ធក្តី អនុពុទ្ធក្តី មិនងាយកើតមានឡើងក្នុងពិភពលោកនេះទេ។
ដូច្នេះ អ្នកសាងខ្លួនឯងម្នាក់ៗ ត្រូវខំព្យាយាមដុះខាត់កំណើតរបស់ខ្លួនឱ្យបានល្អ ដើម្បីធ្វើកំណើតដែលធម្មជាតិបានសាងឱ្យកាន់តែល្អឡើង។

📚ដកស្រង់ពីសៀវភៅ សម្បទានគំនិត

ធម្មធាតុនៃជីវិត

ធម្មធាតុនៃជីវិត រួមមានគឺ៖
ក – ប្រយោជន៍សុខចម្រើនក្នុងជីវិតបច្ចុប្បន្នកើតឡើងដោយសម្បទា ៤ យ៉ាងគឺ៖
១ – ដល់ព្រមដោយសេចក្តីព្យាយាម គឺខំប្រឹងធ្វើការងារតាមនាទីឱ្យបានដិតដល់។
២ – ដល់ព្រមដោយការសិក្សា គឺខំប្រឹងថែទាំ ទុកដាក់នូវទ្រព្យសម្បត្តិ
នូវមុខងារ ដែលខ្លួនរកបានមក ហើយមិនឲ្យបាត់បង់ទៅវិញ។
៣ – ភាពជាមនុស្សចេះរាប់អានមនុស្សគ្នាឯងដោយល្អ
ឬចេះរស់នៅជាមួយមនុស្សផងគ្នាដោយល្អ
ឬចេះធ្វើមនុស្សក្នុងសង្គមឱ្យបានល្អ។
៤ – ភាពជាមនុស្សចេះរៀនរស់នៅស្មើៗគឺចេះសំចៃទ្រព្យ
ចេះសន្តោសក្នុងជីវិតរបស់ខ្លួន។
ខ – ប្រយោជន៍សម្រាប់ផ្តល់វាសនានៃមនុស្ស

ក្នុងអនាគតមាន ៤ យ៉ាងគឺ៖
១ – ដល់ព្រមដោយសទ្ធា គឺមានជំនឿក្នុងកម្មផល និងផលរបស់កម្ម
២ – ដល់ព្រមដោយសីល គឺទុកដាក់ខ្លួនក្នុងមាយាទថ្លៃថ្នូរ
៣ – ដល់ព្រមដោយការបរិច្ចាគ គឺចំណាយទ្រព្យជួយសង្គ្រោះអ្នកដទៃ
៤ – ដល់ព្រមដោយបញ្ញា គឺសិក្សាវិជ្ជានានា ហើយស្រាវជ្រាវវែកញែករកសេចក្តីពិត។
គ – ប្រយោជន៍ព្រះនិព្វានមាន ៤ យ៉ាងគឺ
១ – សេចក្តីពិតនៃទុក្ខ
២ – សេចក្តីពិតនៃហេតុរបស់ខ្លួន
៣ – សេចក្តីពិតនៃគុណធម៌រំដោះទុក្ខ
៤ – សេចក្តីពិតថ្លៃថ្នូររំដោះទុក្ខ។

📚ដកស្រង់ចាកសៀវភៅ សម្បទានគំនិត

ការផឹកទឹក នឹងសារះប្រយោជន៏

ថ្ងៃនេះខ្ញុំចង់និយាយពីអត្ថប្រយោជន៍ក្នុងការផឹកទឹកបន្តិច។

មនុស្សភាគច្រើនចេះតែភ្លេចផឹកទឹក ទោះជាការពិតទឹកអាចរកបានងាយក៏ដោយ។ ទឹកសំខាន់ណាស់សម្រាប់សុខភាពរបស់យើងគ្រប់គ្នា។

តើការផឹកទឹកច្រើនមានអត្ថប្រយោជន៍អ្វីខ្លះ?

-ជួយឱ្យមិនសូវឃ្លាន
-ជួយធ្វើឱ្យស្បែកស្រស់ថ្លា
-ជួយមានថាមពលច្រើន
-ជួយយើងមិនសូវហត់នឿយ
-ជួយបញ្ចេញជាតិពុលតាមទឹកនោម
-ជួយសម្រកទម្ងន់
-ជួយរំលាយអាហារ
-ជួយដល់សន្លាក់
-ជួយដឹកអុកស៊ីសែនទៅចែកចាយពេញរាងកាយរបស់យើង
-ជួយធ្វើឱ្យសីតុណ្ហភាពក្នុងខ្លួនយើងសេ្ថរ
-ជួយសម្រួលសរសៃឈាម
-ជួយការពារតម្រងនោម
-និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត

គ្រាន់តែផឹកទឹកសោះ មានអត្ថប្រយោជន៍ច្រើនយ៉ាងនេះទៅហើយ យើងគ្រប់គ្នាគួរតែព្យាយាមផឹកទឹកឱ្យបានច្រើនក្នុងមួយថ្ងៃៗ។

តើយើងគួរផឹកទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ?

ជាទូទៅ បើអាចទៅរួច យើងគួរផឹកទឹក 3 លីត្រ ក្នុងមួយថ្ងៃ។

ប្រសិនបើអ្នកមិនអាចផឹកទឹកទទេបាន ពីព្រោះតែអ្នកយល់ថាពិបាកលេបខ្លាំងពេកនោះ អ្នកអាចលាយជាមួយនឹងផ្លែឈើ ដែលអ្នកចូលចិត្តបាន ដូចជា៖

-ក្រូចឆ្មា
-ម្នាស់
-ប៉ម
-ក្រូច

អ្នកអាចរើសផ្លែឈើអ្នកចូលចិត្ត ដាក់លាយនឹងទឹក ជាការស្រេច។

សូមថែសុខភាពរបស់អ្នក ដោយការផឹកទឹកឱ្យបានច្រើន។

លឹមសន្តិភាព @santepheaplim

Pix Pinterest

ពិតប្រាកដ

សុភមង្គលកើតមានពិត ពេលមនុស្សលែងគិតរឿងខ្វល់ខ្វាយ

ព្រោះមានបញ្ញានៅជាប់កាយ ដួងចិត្តស្រស់ស្រាយគ្រប់ជំហ៊ាន។

ធាតុពិតនៃពាក្យថាជោគជយ័ គឺពេញចិត្តអ្វីដែលខ្លួនមាន

ជោគជយ៏នេះដូចបាននិពា្វន គ្មានថ្ងៃបាត់បង់ទៅវិញឡើយ។

សុខពិតប្រាកដគឺចិត្តស្ងប់ លែងមានចិត្តស្អប់អ្វីទៀតហើយ

ស្រលាញ់ខ្លួនឯងជាចំលើយ ក្តីសុខនេះហើយដែលថិតថេរ។

ដោយ សុខចាន់ផល

មានក្នុងសៀវភៅ មនោសញ្ចេតនា

រូបភាពថតដោយសុខុម

ខ្ជិលខ្ជិល

បើខ្ជិល ខ្ជិល អោយមានប្រយោជន៏!

សើចទៅ ខ្ជិលយំ

ញញឹមទៅ ខ្ជិលក្រញ៉ូវ

សង្ឃឹមទៅ ខ្ជិលខ្វល់ខ្វាយ

សប្បាយទៅ ខ្ជិលកើតទុក្ខ

រាប់រកទៅ ខ្ជិលព្រងើយ

ស្រឡាញ់ទៅ ខ្ជិលស្អប់

អរគុណទៅ ខ្ជិលតូចចិត្ត

ធ្វើការទៅ ខ្ជិលសំរាក

ខំប្រឹងទៅ ខ្ជិល ខ្ជិល

អត្ថបទ យកចេញពីរសៀវភៅ​មនោសញ្ចេតនា ដោយ សុខចាន់ផល

រូបភាពយកចេញពី Pinterest.