តម្លៃមនុស្ស (ត)

V– មនុស្ស និងធម៌

តាមន័យរបស់ព្រះពុទ្ធសាសនាថា សត្វដែលបានមកចាប់កំណើតកើតជាមនុស្សក្រក្រៃពេកណាស់ ពីព្រោះកំណើតមនុស្សនីមួយៗ សុទ្ធតែបានមកដោយមហាកុសលវិបាកជួយឧបត្ថម្ភទាំងអស់ ហើយលោកចាត់ទុកជាឧត្តមភេទ គឺភេទមានតម្លៃយ៉ាងខ្ពង់ខ្ពស់បំផុត លើសភេទនានាទាំងអស់ពីព្រោះម្នាក់ៗ គេចង់សាងខ្លួនគេឱ្យនៅទេព្តាក៏បាន ទៅជាព្រះឥន្ទក៏បាន ទៅជាព្រះព្រហ្មក៏បានឬទៅជាព្រះពុទ្ធអង្គក៏បាន។ ដើម្បីវាយតម្លៃនឹងសេចក្ដីសុខរបស់មនុស្សលោក ឱ្យបានរីកទូលំទូលាយជាងនេះ ទៅទៀត មនុស្សលោកត្រូវមានធម៌៤យ៉ាងគឺ៖

១ – មានចិត្តអំណត់អត់ធន់ ចំពោះហេតុការណ៍ផ្សេងៗ ដែលបណ្ដាលមកពីធម្មជាតិខ្លះ ពីផលវិបាករបស់អតីតកម្ម គឺកម្មចាស់ ដែលចៀសពុំរួចខ្លះ ពីអារម្មណ៍ដែលមនុស្សលោកជួបប្រទះ នាបច្ចុប្បន្នកាលនេះខ្លះ គឺអត់ធន់ចំពោះការខំប្រឹងលះបាបអកុសលគ្រប់បែបយ៉ាង អត់ធន់ចំពោះការខំប្រឹងចម្រើនសន្សំបុណ្យកុសលទាំងតិចទាំងច្រើនហៅថាខន្តិ។

២ – មានគំនិតពិតត្រង់ ច្បាស់លាស់ ប្រាកដប្រជា គឺលះបាបពិតជាលះបាបចម្រើនបុណ្យ ពិតជាចម្រើនបុណ្យ គិតអំពីអ្វី ធ្វើនូវអ្វីនិយាយពីរឿងអ្វី ឱ្យច្បាស់លាស់ពិតប្រាកដ មិនកាយកប់ត្រឡប់ត្រឡិនម្ដងអីចេះ ម្ដងអីចុះ បាតដៃជាខ្នងដៃ ហៅថា សច្ចៈ។

៣ – ត្រូវមានចិត្តចាប់ភ្លឹកនឹក ដល់គុណឧបការៈរបស់លោកអ្នកមានគុណទាំងអស់ មានមាតាបិតាជាដើម កុំបំភ្លេចចោល ហើយត្រូវឆ្លៀតរកឱកាស នឹងធ្វើកិច្ចតបគុណ ដោយមធ្យោបាយណាមួយកុំបីខាន ហៅថាកតញ្ញុតា។

៤ – ត្រូវតាំងចិត្តឱ្យទូលំទូលាយ ស្រឡាញ់រាប់អាន អាណិតអាសូរ ចំពោះសព្វសត្វទាំងអស់ឥតរើសមុខ គ្រប់ទិសទាំង១០ ទុកដូចជាបងប្អូនរួមឈាមជាមួយគ្នា ព្រមទាំងចែករំលែកសេចក្ដីសុខដែលខ្លួនមាន ចែកផ្សាយដល់គ្នា ដើម្បីឱ្យគេបានសុខដូចយើងផង ហើយកុំមានពៀរវេរានឹងគ្នាចូររក្សាខ្លួនឱ្យបានសុខរៀងៗខ្លួនហៅថា មេត្តា។

VI – មនុស្សលោកជួយមនុស្សលោក

យើងជាមនុស្សលោក កើតនៅក្នុងចំណោមមនុស្សលោក ម្នាក់ៗសុទ្ធតែចងបានសុខ សេចក្ដីសុខនោះសោត ជួនកាលបានមកពីសំណល់បុណ្យចាស់ពីព្រេងនាយ ជួនកាលបានមកពីការធ្វើប្រព្រឹត្តផ្សែផ្សំនាយអាយត្រូវទំនងក្នុងបច្ចុប្បន្ន។ ដើម្បីពង្រីកសេចក្ដីសុខនោះឱ្យបានធំទូលំទូលាយគ្មានព្រំដែន

ម្នាក់ៗ ត្រូវចេះជួយគ្នាសង្គ្រោះគ្នា យឺតយោងគ្នាក្នុងគ្រាមានអាសន្នអន្ធក្រ

ដូចជាក្នុងសម័យមានសង្គ្រាម ឬក៏ក្នុងការធម្មតាទៅតាមមធ្យោបាយរៀងៗខ្លួន ដែលអាចជួយបាន។ មនុស្សលោកតែម្នាក់មែន ប៉ុន្តែគេមានសេចក្ដីសុខធំទូលំទូលាយ ហើយមានសន្តានចិត្តសប្បុរសផង ប្រាថ្នាចង់ឱ្យតែមនុស្សលោកបានសុខដូចគ្នា អាចជួយអ្នកដទៃរាប់លានអ្នក ឱ្យបានសុខយ៉ាងត្រចះត្រចង់។ ព្រះសម្មាសម្ពុទ្ធតែមួយព្រះអង្គគត់ ទ្រង់មានចរិយាធម៌ គឺការប្រព្រឹត្ត ៣ យ៉ាង គឺពុទ្ធត្ថចរិយា ការប្រព្រឹត្តដើម្បីនឹងបានត្រាស់ដឹង នូវអនុត្តរធម៌១ ញាតត្ថចរិយា ការប្រព្រឹត្តដើម្បីប្រយោជន៍នឹងស្រោចស្រង់សត្វលោក១ទ្រង់បានត្រាស់

ដឹងឡើងក្នុងលោក ព្រះអង្គរកសេចក្ដីសុខពិតឃើញមុនគេ ទ្រង់សម្ដែងធម៌

យឹតយោងសត្វគឺមនុស្សលោក ទេវលាកព្រហ្មលោកឱ្យបានឃើញពន្លឺសុខ

ពិតស្ទើររាប់មិនអស់។ មឃមាណព ក៏តែម្នាក់ឯងដែរ ជាមនុស្សសាមញ្ញធម្មតា

ប៉ុន្តែជាអ្នកស្វែងរកសេចក្ដីសុខតែម្យ៉ាងអាចជួយមិត្រភ័ក្តិរបស់គាត់ ៣៣ នាក់ ឱ្យបានសុខយ៉ាងជាក់ស្ដែង គឺរួចរស់រានមានជីវិត ដែលបណ្ដាលមកពីស្ដេចមួយព្រះអង្គមិនប្រកបដោយធម៌ ប្រើឱ្យយកទៅសម្លាប់ចោល។ ដំណើររឿងសង្ខេបដូចតទៅនេះ៖

ក្នុងអតីតកាលកន្លងទៅយូរហើយ នៅក្នុងអចលគ្រាម នាដែលមគធៈ កាលនោះ មានមាណពម្នាក់ឈ្មោះមឃៈ ជាអ្នកមានចិត្តសប្បុរសសង្គ្រោះគេជានិច្ច បានធ្វើទីដីមួយកន្លែង បង្ហាប់ឱ្យរាបស្មើល្អ អ្នកផងឃើញហើយគួរឱ្យជ្រះថ្លា។ ស្រាប់តែមានមាណពដទៃទៀត មានចិត្តអាក្រក់មិនសូវយល់ការណ៍ក៏មកបណ្ដេញគាត់ចេញ មិនឱ្យធ្វើនៅទីនោះ មឃមាណព ឥតមានតូចចិត្តសោះ សុខចិត្តចេញពីទីនោះ ទៅធ្វើនៅកន្លែងផ្សេងទៀត គេក៏តាមព្យាបាទបណ្ដេញគាត់ ដូចពេលមុនទៀតជាច្រើនលើក។ ក្រោយមក គាត់កាន់ចបទៅជម្រះទីកន្លែងមួយទៀតធ្វើឱ្យយ៉ាងរលីងស្អាត ហើយកន្លែងនោះ មហាជនទាំងឡាយតែងទៅមកហូរហែជាប់ជានិច្ចផង។ បើនៅរដូវរងា គាត់បំពក់ភ្នក់ភ្លើង នៅរដូវក្ដៅ គាត់ដងទឹកតម្កល់ទុកក្នុងពាង ជូនសាធារណជនប្រើប្រាស់ជារៀងរាល់ថ្ងៃតាមត្រូវការ ហើយគាត់តែងតែចេញទៅធ្វើការពីព្រលឹមៗ ដើម្បីធ្វើផ្លូវពង្រាបឱ្យរាបស្មើ ព្រមទាំងកាប់ឆ្ការមែកឈើព្រៃណា ដែលច្រងេងច្រងាងធ្វើផ្លូវទៅណា ខ្ញុំធ្វើផ្លូវទៅស្ថានសួគ៌។ លុះយល់ឃើញថា មឃមាណព មានគំនិតល្អ គឺចេះសង្គ្រោះគេដូច្នេះហើយ ទើបមាណពដទៃៗ

ទៀត មកសុំធ្វើជាមួយ ម្ដងម្នាក់ ម្ដងពីរនាក់យូរៗ បានកើនរហូតដល់៣៣នាក់ ទាំងអស់គ្នាបាននាំគ្នាធ្វើផ្លូវបានប្រវែងប្រហែល២យោជន៍។

និយាយពីគាមភោជក គឺចៅសង្កាត់ភូមិនោះ ឃើញមាណពទាំង៣៤ នាក់ធ្វើដូច្នោះ គាត់មិនសប្បាយចិត្តសោះ ពីព្រោះគិតឃើញថាពួកមាណពទាំងនេះ ធ្វើការឥតប្រយោជន៍ទទេ បើប្រសិនណាជានាំគ្នារកសាច់ជាដើមមកស៊ី ផឹកសុរាវិញ ប្រហែលជាអញនឹងមានកម្រៃខ្លះ ក៏ទៅហៅមាណពទាំងអស់នោះមក ហើយហាមឃាត់ជាដាច់ខាតមិនឱ្យធ្វើ។ មាណពទាំងអស់ប្រកែកមិនព្រមឈប់។ ចៅសង្កាត់តូចចិត្តខ្លាំង ដោយគេមិនព្រមស្ដាប់បង្គាប់ ក៏រត់ទៅក្រាបទូលស្ដេចមួលបង្កាច់ថា ខ្លួនឃើញពួកចោរនៅក្នុងព្រៃទៅវិញ។ ចំណែកព្រះរាជាមិនបានពិចារណា ក៏ជឿតាមពាក្យចៅសង្កាត់ដែលពិតទូលមួលបង្កាច់ ស្មានថាជាចោរមែនក៏ទ្រង់បញ្ជាឱ្យទៅចាប់មាណពទាំងអស់នោះមក ហើយត្រាស់បញ្ជាឱ្យដឹកដំរីមកបញ្ជាន់សម្លាប់ចោលឱ្យអស់។ មឃមាណព ឥតមានភ័យតក់ស្លុតអ្វីបន្តិចបន្តួចសោះ បានរម្លឹកដល់មាណពជាមិត្រសំឡាញ់ទាំងអស់ថាមិត្រទាំងអស់គ្នាពេលនេះ យើងនឹងដល់ថ្នាក់ទីបំផុតនៃជីវិតហើយ ចូរប្រុងស្មារតី តាំងចិត្តឱ្យប្រកបដោយមេត្តា យើងគ្មានអ្វីទីពឹងក្រៅពីធម៌មេត្តានេះទេ គឺ

កុំខឹងកុំតូចចិត្ត កុំអាក់អន់ចិត្តនឹងព្រះរាជា និងចៅសង្កាត់ហើយនិងដំរីឱ្យសោះ មាណពទាំងអស់ក៏ធ្វើតាម ដោយអានុភាពនៃចិត្តប្រកបដោយមេត្តា ដំរីក៏មិនហ៊ានទៅជិត។ ព្រះរាជាទ្រង់ឈ្វេងយល់ថា ក្រែងដំរីឃើញមនុស្សច្រើន បានជាវាមិនហ៊ានជាន់ បើដូច្នេះត្រូវអ្នករាល់គ្នាយកកន្ទេលទៅគ្របមាណពទាំងអស់ឱ្យជិត រួចប្រើដំរីឱ្យមកបញ្ជាន់ម្ដងទៀត ធ្វើយ៉ាងនេះក៏ដោយ ដំរីរឹតតែលែងហ៊ានមកជិតថែមទៀត។ ទើបព្រះរាជា ទ្រង់ឱ្យហៅមាណពទាំងអស់នោះមកសួរព័ត៌មានតាំងពីដើមរៀងមក លុះទ្រង់ជ្រាបសេចក្ដីសព្វគ្រប់ហើយ ក៏មានព្រះទ័យសោមនស្សណាស់ថា អមាលសត្វតិរច្ឆាន ម្ដេចគង់ដឹងគុណ ចុះខ្លួនជាមនុស្សត្រឡាំង ម្ដេចក៏មិនដឹងគុណសោះ គេធ្វើការនេះជាជំនួសដល់ផែនដីទេតើ។ ទើបទ្រង់សូមឱ្យមាណពទាំងនោះអត់ទោសផងចុះ ហើយទ្រង់ប្រគល់ចៅសង្កាត់ព្រមទាំងប្រពន្ធកូនចៅ ឱ្យជាខ្ញុំបម្រើមាណពទាំង៣៤ នាក់ទាំងទ្រង់ប្រទានដំរីទាំងអស់ សម្រាប់ជាយានជំនិះ ហើយស្រុកភូមិដែលចៅសង្កាត់ត្រួតត្រានោះទៀតសោត ក៏ទ្រង់ប្រគល់ឱ្យជាកម្មសិទ្ធិ សម្រាប់មាណពទាំងនោះ ប្រើប្រាស់ប្រកបមុខរបរការងារចិញ្ចឹមជីវិតនៅជាសុខសាន្តចុះ។

១ – អ្វីទៅជាគុណភាពនៃការអប់រំរបស់ព្រះពុទ្ធ

ដើម្បីរក្សានូវនីតិធម៌ អភិសមាចារពុទ្ធសាសនា សមធម៌សង្គម ដែលជាមូលដ្ឋាននៃគុណភាព នៃការអប់រំនោះ ត្រូវអាស្រ័យដោយគ្រូមាននូវចំណេះដឹងខ្ពង់ខ្ពស់ សីលធម៌ គុណធម៌ បទពិសោធន៍ជីវិត ព្រមទាំងការប្រព្រឹត្តល្អ និងការមាននូវវិន័យយ៉ាងច្បាស់លាស់ ទើបការអប់រំនោះប្រកបដោយសក្តានុពល។ ប្រៀបដូចជា មាតាបិតាទាំងឡាយក្នុងលោក ត្រូវប្រព្រឹត្តឱ្យល្អ ដោយចៀសវាងនូវសេចក្តីអាក្រក់គ្រប់យ៉ាង ដើម្បីជាគំរូដ៏ល្អ សម្រាប់កូនគ្រប់រូបដូច្នោះដែរ។ ព្រោះថា បើខ្លួនឯងប្រព្រឹត្តអាក្រក់ហើយ តើធ្វើដូចម្តេចនឹងឱ្យកូនល្អទៅបាន! ដូចសុភាសិតមួយឃ្លាថា “បើមិនបានធ្វើល្អ សូមកុំធ្វើអាក្រក់ បើមិនបាននិយាយការពិត សូមកុំនិយាយការកុហក”។ ជនពាលកំណាចខ្វះគុណធម៌ អ្នកផងទាំងពួងមិនដែលហៅថា “បណ្ឌិត” ទេ។ ដូច្នេះ ដើម្បីឱ្យក្លាយជាជនល្អ សម្រាប់ក្រុមគ្រួសារសម្រាប់សង្គម សម្រាប់ប្រទេសជាតិខ្លួនឯង ទាល់តែខ្លួនឯងនោះ ចេះ សន្សំសេចក្តីល្អ ព្រមទទួលការអប់រំឱ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន ទោះដោយវិធីណា ក៏ដោយឱ្យតែបានពាក្យថា “ល្អ” កុំឱ្យតែអាក្រក់។ ដូចលោក ថា “គំរូល្អប្រសើរជាងទ្រឹស្តីល្អ។ ហើយការអប់រំនេះទៀតសោត ព្រះពុទ្ធជាបុគ្គលបរិសុទ្ធដែលមនុស្សក្នុងពិភពលោក បានទទួលស្គាល់គ្រប់គ្នា ហើយប្រកាសថា៖ “ជាព្រះបិតាសន្តិភាព ផ្នែកខាងផ្លូវចិត្ត”។ ហេតុនេះ ចូរយើងទាំងអស់គ្នា ខំព្យាបាលជំងឺ ផ្នែកផ្លូវចិត្តឱ្យបានគ្រប់គ្នា ដោយយើងធ្វើយ៉ាងណាដើរតាមគ្រូពេទ្យដែលមាននូវគុណធម៌ សីលធម៌ ចរិយាធម៌ សម្រាប់ព្យាបាលជំងឺយើង ហើយបើគ្រូពេទ្យណាដែលខ្វះនូវវិជ្ជាជីវៈ គុណធម៌ សីលធម៌ និងចរិយាធម៌ គ្រូពេទ្យនោះហើយជាឃាតករមនុស្សលោក។

ក្នុងភាពជាមនុស្សបើគ្មាននូវមេត្តាធម៌ គុណធម៌ សីលធម៌ ហើយនោះគឺមិនបានភាពជាមនុស្សទេ។ សង្គមអាក្រក់ជាអ្វី? គឺជាសង្គមដែលគ្មានភាព

សុចរិត គ្មានភាពស្អាតស្អំ គ្មានមេត្តា ករុណា មុទិតា ឧបេក្ខា គុណធម៌ សីលធម៌។

កាលបើមនុស្សមិនទ្រទ្រង់នូវធម៌ (សណ្តាប់ធ្នាប់ របៀបរៀបរយល្អ អាក្រក់ទៀងត្រង់សុចរិត)ទាំងអស់នេះទេហើយ នាំឱ្យពិភពលោកកើតមានសង្គ្រាម ប្រទេសជាតិបាត់ពន្លឺរស្មី ស្រអាប់ទៅដោយភាពងងឹត (អសន្តិសុខ) គឺពេញដោយជនសាហាវកាប់សម្លាប់ ស៊ីសំណូក សេពគ្រឿងញៀន ក្បត់គ្នាគ្រប់យ៉ាងតើមកពីអ្វី? គឺមកពីពួកគេមិនព្រមចូលសាលារៀន ដែលបង្កើតឡើង

ដោយព្រះពុទ្ធនោះឡើយ។

ដូច្នេះ សុំព្យាយាមរកអាហារឱ្យ “ចិត្ត” បានបរិភោគផង សុំកុំរកអាហារឱ្យ“កាយ”ច្រើនពេក។ អ្វីដែលលំបាកបំផុតនោះ គឺការមិនព្រមអប់រំចិត្តហ្នឹងឯង។ បើអប់រំចិត្តបានហើយ គ្រប់គ្រងចិត្តបានហើយ ទូន្មានចិត្តបានហើយ នោះចិត្តមនុស្សយើងគ្រប់គ្នានឹងកើតមាននូវមេត្តាធម៌ដល់គ្នានិងគ្នាជាប្រាកដ។

ដូច្នេះ គោលបំណងនៃសៀវភៅនេះចង់បង្ហាញឱ្យឃើញថា ជាប្រព័ន្ធអប់រំខ្ពស់បំផុត ល្អបំផុត ផ្នែកខាងផ្លូវពុទ្ធសាសនា ដែលបង្កើតដោយបុគ្គលមួយរូបដែលមានភាពស្អាតស្អំ (សុចរិត) មិនប្រឡាក់ទៅដោយភាពស្មោកគ្រោក (លោភៈ ទោសៈ មោហៈ) នោះឡើយ គឺព្រះពុទ្ធ។

មនុស្សក្នុងពិភពលោកជាអ្នកមាននូវជំងឺ ដែលត្រូវរក្សាដោយគ្រូពេទ្យដ៏ចំណាន និងមានបទពិសោធន៍ខ្ពស់ គឺព្រះពុទ្ធ និងឱសថដ៏វិសេសក្នុងលោកគ្មានដូច គឺព្រះធម៌ ព្រមទាំងឧបដ្ឋាកៈ(បុគ្គលិក ឬអ្នកបំរើ) ដ៏ឆ្លាតវៃ និងរហ័សរហួនប៉ិនប្រសប់ គឺព្រះសង្ឃ។

ដើម្បីសិក្សា និងឈ្វេងយល់ឱ្យបានស៊ីជម្រៅតទៅទៀតនោះថា តើប្រព័ន្ធអប់រំដ៏ខ្ពស់របស់ព្រះពុទ្ធនោះយ៉ាងណាយើងនឹងសិក្សាទាំងអស់គ្នា នូវអត្ថបទនីមួយៗដូចតទៅ

២ – គោលការណ៍អប់រំរបស់ព្រះពុទ្ធ

– ថ្មតាន់មិនរំភើបព្រោះខ្យល់ដូចម្តេចណ៎! អ្នកប្រាជ្ញទាំងឡាយ មិនរំភើបព្រោះពាក្យតិះដៀល និងពាក្យសរសើរដូច្នោះដែរ។

– បុគ្គលណាដែលជាបុគ្គលពាលកាលបើចូលទៅអង្គុយជិតអ្នកប្រាជ្ញ សូម្បីអស់មួយជីវិត ជននោះក៏មិនដឹងធម៌ច្បាស់ ដូចជាវែកមិនដឹងរសនៃសម្លយ៉ាងនោះដែរ។

– បុគ្គលណាដឹងខ្លួនថាជាបុគ្គលពាល បុគ្គលនោះនឹងហៅថាអ្នកប្រាជ្ញបានខ្លះ អាស្រ័យដោយហេតុថាខ្លួនជាបុគ្គលពាលនោះ បើសិនណាជាបុគ្គលពាលទេ តែប្រកាន់ខ្លួនថាជាបណ្ឌិត បុគ្គលនោះហៅថា ពាលដោយពិត។

– ពាក្យចាក់ដោតរបស់ជនទាំងឡាយដទៃ បុគ្គលមិនគួរយកមកធ្វើទុកក្នុងចិត្តទេ កិច្ចការដែលពុំមែនជាមុខក្រសួងរបស់ខ្លួន បុគ្គលមិនសង្កេតពិនិត្យទេបុគ្គលគួរតែពិនិត្យមើល នូវកិច្ចការទាំងឡាយណាដែលធ្វើរួចហើយ ឬពុំទាន់រួចហើយរបស់ខ្លួនម្យ៉ាង។

– ពួកអ្នកប្រាជ្ញតែងតែធ្វើចិត្ត ដែលញាប់ញ័រឃ្លេងឃ្លោងដែលរក្សាបានដោយលំបាក ហាមឃាត់ បានដោយលំបាក ឱ្យជាចិត្តបានត្រង់ដូចជាងព្រួញ ខំធ្វើនូវព្រួញដូច្នេះ។

– សេចក្តីលោភចង់បានហួសប្រមាណ ជាអំពើអាក្រក់។

– ផ្លែចេកតែងសម្លាប់នូវដើមចេក ផ្លែឫស្សីតែងសម្លាប់នូវដើមឫស្សី ផ្លែបបុសតែងតែសម្លាប់នូវដើមបបុស សក្ការតែងសម្លាប់នូវបុរសអាក្រក់ (អាក្រក់នេះ មិនមែនសំដៅយកអាក្រក់រូបទេ គឺសំដៅយកបុរសដែលមានចិត្តគំនិតអាក្រក់) ដូចជាសេះអស្សតរតែងតែសម្លាប់មេសេះវិញដូច្នោះដែរ។

– ខ្លួនជាទីពុំនាក់របស់ខ្លួន។

– ការស្អាតស្អំ និងពុំស្អាតស្អំ ស្រេចលើសាមីរូបម្នាក់ៗ គឺថា

“គ្មានបុគ្គលណាម្នាក់ធ្វើឱ្យបុគ្គលម្នាក់បរិសុទ្ធទេ”។

– មនុស្សកម្រធ្វើខ្លួនឱ្យបានពេញជាមនុស្ស។

– មិនមានស្រឡាញ់អ្វីស្មើនឹងស្រឡាញ់ខ្លួន។

– ទឹកទន្លេស្ទឹងបឹងបួ មិនស្មើដោយទឹកតណ្ហា។

– សុខអ្វីក្រៅអំពីសេចក្តីស្ងប់មិនមាន។

– អ្នកមានប្រាជ្ញាគួរឱ្យសុខដល់បុគ្គលដទៃ អ្នកនោះឯង

បានជួបនូវសេចក្តីសុខដរាប។

– មនុស្សទាំងឡាយ តែងតែធ្វើនូវអំពើអាក្រក់ ព្រោះសេចក្តីល្ងង់។

– លះបង់នូវអំពើអាក្រក់គ្រប់យ៉ាង។

– សន្សំនូវសេចក្តីល្អគ្រប់យ៉ាង។

– សម្អាតចិត្តគំនិតឱ្យបរិសុទ្ធ។

៣ – វិធីធ្វើដំណើរទៅរកអហិង្សាអ្វីជាមូលដ្ឋាន

ធ្វើចិត្តកុំឱ្យជួបប្រទះនូវហិង្សា?

ដើម្បីធ្វើចិត្តកុំឱ្យជួបប្រទះនូវហិង្សា មនុស្សយើងម្នាក់ៗ ត្រូវមានមនសិការ អប់រំអារម្មណ៍គតិ ព្រោះថាការអប់រំកិរិយាមាយាទ នេះពិតជាពិបាកយ៉ាងក្រៃលែងជាទីបំផុត ហើយបញ្ហានៃគោលការអប់រំនោះសោតទៀត សុទ្ធតែជាមាគ៌ាស្វែងរកសមភាពនៃមនុស្សយ៉ាងច្រើន ដែលស្ថិតនៅក្នុងសង្គមមនុស្សទូទៅ ក្នុងពិភពលោកយើងនេះ ជាយូរយារណាស់មកហើយដែរ រីឯមាគ៌ានៃការស្វែងរកអហិង្សានោះមានវិធាន ៥ យ៉ាង គឺ៖

១ – កុំសម្លាប់។

២ – កុំត្រេកអររបស់ដែលគេពុំឱ្យ។

៣ – កុំសប្បាយចំពោះស្រ្តីដែលមានគេត្រូវការ។

៤ – កុំប្រើពាក្យដែលពុំពិត។

៥ – កុំពិសាអ្វីដែលនាំឱ្យខូចដល់សរសៃប្រសាទ។

កាលបើយើងប្រកាន់យកវិធានទាំង៥ ខាងលើនេះបានហើយ ឈ្មោះថា យើងបានស្តាប់នូវតម្លៃនៃអហិង្សាខ្លះៗហើយ បន្ទាប់មកយើងបានដុសក្អែល

ពោលថា គឺយើងបានជម្រះហិង្សាបានខ្លះៗចេញដែរ កាលបើបានជម្រះហិង្សានេះអស់កាលយូរទៅ។

បើសិនជាអស់លោកអ្នក បានប្រកាន់យកនូវមាគ៌ាទាំង ៥យ៉ាង ដែលជាលក្ខន្តិកៈនេះលោកអ្នកពិតជាក្លាយពីសភាពដើម គឺមនុស្សរត់ចូលទៅរកសភាវចេះដឹងប្រមាណ គឺមនុស្សដោយពិតយើងបានបង្កើតនូវសមានចិត្ត ឈ្មោះថា យើងបានទទួលនូវពន្លឺដ៏បវររបស់អហិង្សាហើយៗ ចិត្តវិស័យនោះសោតទៀត ក៏លូនចូលទៅរកសន្តិភាព ដែលជាឫសគល់ នៃសន្តិសុខបានយ៉ាងស្វ័យប្រវត្តិ។

រីឯលក្ខន្តិកៈទាំង៥យ៉ាងរបស់អហិង្សានេះ យើងឃើញជនជាតិខ្មែរយើងពីសម័យអតីតកាល និងបច្ចុប្បន្ននេះ ចូលចិត្តប្រកាន់យកនូវគោលលក្ខន្តិកៈ

ទាំង៥ យ៉ាង នេះណាស់ដែលតែងនិយាយថា “បញ្ចសីលា”។

ម្យ៉ាងវិញទៀត បើសិនជាអស់លោកអ្នកបានធ្វើចិត្តវិស័យរបស់ខ្លួនល្មមដោះខ្លួនអំពីសង្គម ដែលពេញទៅដោយអាចម៍ដីនោះ លោកអ្នកឈ្មោះថា តម្កល់ខ្លួនក្នុងវណ្ណលោកីយ៍ៗពុំស្អប់ខ្ពើមឡើយ ហើយខ្លួនរបស់លោកអ្នកទៀតពិតជាក្លាយទៅទស្សនវិទូ ក្នុងទីបំផុតនៃលោកយ៉ាងឯក ដោយពិតប្រាកដ ឥតប្រកែកបានឡើយ។

នេះហើយជាមូលដ្ឋានគតិយុត្តដែលធ្វើចិត្តកុំឱ្យជួបប្រទះចំពោះហិង្សា (ការបៀតបៀន)។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s